នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) កាលពីថ្ងៃចន្ទ បានវាយបកវិញចំពោះការថ្កោលទោសជុំវិញការវាយលុកដោយយោធារបស់ប្រទេសលោក នៅតំបន់ ហ្កាហ្សា ដោយមេដឹកនាំនៃប្រទេសបារាំង កាណាដា និងអង់គ្លេស ដោយនិយាយថា ពួកគេបានផ្តល់ «រង្វាន់ដ៏ធំ» ដល់ក្រុមហាម៉ាស។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយការស្នើសុំឲ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមការពារសម្រាប់ការរស់រានមានជីវិតរបស់យើង មុនពេលក្រុមភេរវករហាម៉ាស នៅតាមព្រំដែនរបស់យើង ត្រូវបានកម្ទេចអស់នោះ ហើយដោយការទាមទាររដ្ឋប៉ាឡេស្ទីន មេដឹកនាំនៅទីក្រុងឡុងដ៍ អូតាវ៉ា និងទីក្រុងប៉ារីស កំពុងផ្តល់រង្វាន់ដ៏ធំសម្រាប់ការវាយប្រហារប្រល័យពូជសាសន៍ លើអ៊ីស្រាអែល នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ខណៈពេលដែលជំរុញឲ្យមានអំពើឃោរឃៅបែបនេះ បន្ថែមទៀត»។
