ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានលើកឡើងក្នុងសុន្ទរកថាចេញផ្សាយនៅព្រឹកថ្ងៃអង្គារ (ទី២០ ខែឧសភា) នេះថា ដំណើរការ ដើម្បីឲ្យទីក្រុងមូស្គូ និងទីក្រុងគីវ បង្កើតកិច្ចព្រមព្រៀងរួមនៃអនុស្សរណៈសន្តិភាព និងបទឈប់បាញ់ នឹងមានភាពស្មុគ្រស្មាញ ហេតុដូច្នេះ មិនទាន់អាចមានកាលកំណត់ត្រូវបានរៀបចំឡើងនៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោក Peskov ដែលប្រាប់អ្នកសារព័ត៌មានថា៖ «វាមិនទាន់មានកាលកំណត់នៅឡើយទេ ហើយក៏មិនអាចមានដែរ។ វាគឺច្បាស់ណាស់ថា មនុស្សគ្រប់គ្នាចង់បង្កើតវាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែជាការពិតណាស់ គ្រប់យ៉ាងមិនមែនរឿងងាយស្រួលនោះឡើយ»។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបន្ថែមថា៖ «សេចក្តីព្រាងនឹងត្រូវបានបង្កើតឡើងដោយភាគីរុស្ស៊ី និងអ៊ុយក្រែន សេចក្តីព្រាងឯកសារទាំងនេះនឹងត្រូវបានផ្លាស់ប្តូរគ្នាទៅវិញទៅមក ហើយបន្ទាប់ពីនោះ ការជជែកគ្នាយ៉ាងល្អិតល្អន់ត្រូវបានធ្វើឡើង ដើម្បីបង្កើតឯកសាររួមតែមួយប៉ុណ្ណោះ។
គួរដឹងថា កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ព្រមទាំងជាមួយបណ្ដាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុប ដែលមានបារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ ជាកិច្ចប្រឹងប្រែងជំរុញដំណើរការសន្តិភាព សម្រាប់សង្រ្គាមរយៈពេល ៣ឆ្នាំ នៅអ៊ុយក្រែន។
លោក Trump បាននិយាយក្រោយការជជែកតាមទូរសព្ទនោះថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ។ លោក Putin បានប្រាប់ថា រុស្ស៊ី «ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែន ជុំវិញអនុស្សរណៈ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបាននាពេលអនាគត»៕
