អាហ្វ្រិក៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា ទ្វីបអាហ្វ្រិកទំនងជាមិនឈានដល់គោលដៅនៃការចាក់វ៉ាក់សាំង ៧០% នៃចំនួនប្រជាជន ១.៣ពាន់លាននាក់របស់ខ្លួនប្រឆាំងវីរុស COVID-19 បាននោះទេរហូតដល់ចុងឆ្នាំ២០២៤ ជាគោលដៅដែលប្រទេសអ្នកមាននៅលើពិភពលោកជាច្រើនបានសម្រេចរួចរាល់ហើយ។ ការព្រមាននេះធ្វើឡើងនៅពេលដែលពិភពលោកប្រឈមមុខ ទៅនឹងការកើនឡើងថ្មីនៃករណីឆ្លងដែលជំរុញដោយវីរុសបម្លែងខ្លួនថ្មី Omicron។

មន្ត្រីសុខាភិបាលនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលបានប្រកាសជាលើកដំបូងអំពីវីរុសបម្លែងខ្លួនថ្មីបាននិយាយថា ទិន្នន័យដំបូងបង្ហាញថា វីរុសថ្មីនេះបណ្តាលឱ្យមានជំងឺស្រាល និងការចូលសម្រាកនៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី។ ប៉ុន្តែប្រទេសអ្នកមានមួយចំនួនបានប្រញាប់ប្រញាល់អនុញ្ញាត ឱ្យចាក់វ៉ាក់សាំងដូសជំរុញជាការឆ្លើយតបទៅនឹងវីរុស ទោះបីជាមានតិចជាង ៨% នៃចំនួនប្រជាជននៅទ្វីបអាហ្វ្រិកបានចាក់វ៉ាក់សាំងចំនួន ២ដូសក៏ដោយ។ មានតែប្រទេសចំនួន ២០ នៃប្រទេសនៅទ្វីបអាហ្វ្រិកក្នុងចំណោមប្រទេសចំនួន ៥៤ ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញមានត្រឹមតែ ១០% នៃចំនួនប្រជាជនរបស់ពួកគេក្នុងការបង្ការវីរុស COVID-19 ខណៈប្រទេសចំនួន ១០ បានចាក់វ៉ាក់សាំងពេញលេញតិចជាង ២% នៃចំនួនប្រជាជនរបស់ពួកគេ។
នាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិកលោកស្រី Matshidiso Moeti បានបដិសេធលើការលើកឡើងទាំងឡាយណាដែលថា ប្រទេសនៅទ្វីបអាហ្វ្រិកធ្វើឲ្យវ៉ាក់សាំងមួយចំនួនខូចក្នុងពេលមានរចនាសម្ព័ន្ធមិនល្អ និងការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។ ប៉ុន្តែលោកស្រី Moeti បាននិយាយថា ទ្វីបអាហ្វ្រិកបានទទួលវ៉ាក់សាំងប្រមាណ ៤៣៤លានដូស ហើយប្រមាណ ៩១០,០០០ នៃដូសវ៉ាក់សាំងបានផុតកំណត់នៅក្នុង ២០ ប្រទេស។ លោកស្រីបាននិយាយថា បញ្ហាប្រឈមចម្បងនៅក្នុងទ្វីបអាហ្វ្រិកនៅតែមានលទ្ធភាពទទួលបានការផ្គត់ផ្គង់វ៉ាក់សាំង៕
អត្ថបទ៖ ប៊ុនថន