ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា លោកមានឆន្ទៈក្នុងការេជួសជុលទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់អនុប្រធានាធិបតី លោកស្រី Sara Duterte ដោយការលើកឡើងនេះកើតមានបន្ទាប់ពីបេក្ខជនដែលធ្លាប់ជាសម្ព័នមិត្តរបស់លោក បានទទួលបានអាសនៈច្រើនជាងការរំពឹងទុក នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា កាលពីសប្តាហ៍មុន។
អំឡុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយនៅលើទំព័រ Facebook របស់លោក កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) លោក Marcos បានប្រាប់ថា៖ «ខ្ញុំចង់ចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។ ខ្ញុំត្រូវការមិត្ត ជាជាងសត្រូវ»។ ហើយលោកបានបន្ថែមថា៖ «តាមដែលអាចធ្វើទៅបាន ខ្ញុំចង់បានស្ថិរភាព សន្តិភាព ដើម្បីឲ្យយើងអាចបំពេញតួនាទីរបស់យើងបាន»។

នេះមិនមែនជាលើកដំបូងនោះទេដែលលោក Marcos បញ្ចេញសំឡេងស្និទ្ធស្នាលរាក់ទាក់ នៅក្នុងជម្លោះរបស់លោកជាមួយលោកស្រី Duterte ដោយកាលពីមុន បានហៅការមិនត្រូវគ្នានេះថា ជា «ព្យុះក្នុងពែងតែ» (រឿងរ៉ាវកំប៉ិកកំប៉ុក)។ ប៉ុន្តែការអត្ថាធិប្បាយចុងក្រោយបង្អស់របស់លោក កើតមានឡើងបន្ទាប់ពីមានការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលបេក្ខជនគាំទ្រដោយគ្រួសារ Duterte បានឈ្នះកៅអីព្រឹទ្ធសភាយ៉ាងតិច ៤ ក្នុងចំណោម ១២អាសនៈ ពោលគឺច្រើនជាងការស្ទង់មតិបានព្យាករ។
គួររំលឹកថា លោក Marcos និងលោកស្រី Duterte បានចាប់ដៃគូគ្នា រហូតឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២២ ប៉ុន្តែទំនាក់ទំនងរបស់ឥស្សរជនទាំង២ បានដើរដល់ផ្លូវបំបែកដោយសារតែភាពខុសគ្នាខាងនយោបាយ ដែលជំរុញឲ្យលោកស្រីលាលែងពីគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២៤៕
