ក្រុមបាល់ទាត់អង់គ្លេស Tottenham Hotspur បានធ្វើដំណើរទៅដល់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹងក្រុមរួម Premier League, Manchester United នៅយប់ថ្ងៃពុធនេះ។
គេឃើញមានអ្នកគាំទ្រមួយក្រុមតូច ឈរទទួលដំណើរចាកចេញពីអាកាសយានដ្ឋានទីក្រុង Bilbao។
Spurs កំពុងប្រាថ្នាចង់ឈ្នះពានលើកដំបូងតាំងពីឆ្នាំ ២០០៨ ស្របពេលកំពុងមានរដូវកាលដ៏អាក្រក់បំផុតនៅ Premier League ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ។
ក្រុមរបស់លោក Ange Postecoglou ក៏មិនខុសពីក្រុមរបស់លោក Ruben Amorim ដែរ ពួកគេមានរដូវកាលអាក្រក់ដូចគ្នានៅ Premier League ខណៈអ្នកចាត់ការទាំងពីរសុទ្ធតែស្ថិតក្នុងសម្ពាធ។
ខណៈដែលនៅសល់មួយប្រកួតទៀតចប់រដូវកាល Premier League, Spurs ឈរលេខ ១៧ ក្រោយចាញ់ ២១ ប្រកួត ជាចំនួនបរាជ័យស្មើនឹងរដូវកាល ១៩៧៦-៧៧ នៅពេលធ្លាក់ទៅក្របខណ្ឌទីពីរ។
អាចនិយាយបានថា ជ័យជំនះនឹងអាចលុបបំបាត់ពពកខ្មៅរបស់អ្នកចាត់ការ ក៏ដូចជាកីឡាករក្នុងក្រុមទាំងអស់ ដើម្បីបំភ្លេចចោលរដូវកាលដ៏អាក្រក់របស់ពួកគេ ខណៈដែល Spurs កំពុងសម្លឹងរកពានអឺរ៉ុបដំបូងក្រោយខកខាន ៤១ ឆ្នាំមុនដែលពួកគេឈ្នះជើងឯក UEFA Cup។
ជ័យជំនះក៏នឹងធ្វើឱ្យ Spurs រឺ Manchester United ទទួលបានកៅអីនៅក្របខណ្ឌកំពូល UEFA Champions League រដូវកាលក្រោយផងដែរ៕
អត្ថបទ៖នាង សុភាវុធ