ប្រទេសស្ទើរតែទាំងអស់កាលពីថ្ងៃចន្ទ បានខកខានកាលបរិច្ឆេទកំណត់របស់អង្គការសហប្រជាជាតិ ក្នុងការដាក់គោលដៅថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញកាបូន រួមទាំងប្រទេសសេដ្ឋកិច្ចធំៗ ដែលស្ថិតនៅក្រោមសម្ពាធ ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ។
មានតែប្រទេសចំនួន ១០ ប៉ុណ្ណោះ ក្នុងចំណោមប្រទេសជិត ២០០ ដែលតម្រូវនៅក្រោមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដើម្បីផ្តល់ផែនការអាកាសធាតុថ្មី ត្រឹមថ្ងៃទី ១០ ខែកុម្ភៈ បានធ្វើទាន់ពេល។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិដែលតាមដានសំណើទាំងអស់នេះ។

នៅក្រោមកិច្ចព្រមព្រៀងអាកាសធាតុ ប្រទេសនីមួយៗ ត្រូវបានគេសន្មតថា នឹងផ្តល់នូវតួលេខតាមពេល កំណត់យ៉ាងច្បាស់លាស់សម្រាប់កាត់បន្ថយការបំភាយឧស្ម័នដែលបំភាយកម្តៅ នៅឆ្នាំ ២០៣៥ និងផែនការលម្អិតសម្រាប់វិធីដើម្បីសម្រេចគោលដៅនេះ។
ការបំភាយឧស្ម័នសកល បានកើនឡើង ប៉ុន្តែត្រូវកាត់បន្ថយស្ទើរតែពាក់កណ្តាល នៅចុងទសវត្សរ៍នេះ ដើម្បីកំណត់ការឡើងកម្តៅផែនដីដល់កម្រិត ដែលបានព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Stiell បានហៅការសន្យាថ្នាក់ជាតិចុងក្រោយបង្អស់នេះថា ជា«ឯកសារគោលនយោបាយសំខាន់បំផុតនៃសតវត្សរ៍នេះ»។
