កណ្ដាល៖ នៅថ្ងៃទី១៤ ខែធ្នូនេះ ធនាគារធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ABA បានចុះហត្ថលេខាព្រមព្រៀងវិនិយោគទិញសញ្ញាប័ណ្ណ មានបុគ្គលធានារបស់ក្រុមហ៊ុន CAIC មានទំហំទឹកប្រាក់ ៣០លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ការចុះហត្ថលេខានេះ បានធ្វើឡើងរវាង លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងនៃក្រុមហ៊ុន Cambodia Airport Investment (CAIC)និងលោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA ក្រោមវត្តមានអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)និង CAIC។
តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការវិនិយោគរបស់ធនាគារABA លើមូលបត្របំណុល របស់CAIC នៅក្នុងទំហំទឹកប្រាក់ ៣០លានដុល្លាអាមេរិចនេះ គឺមានការផ្តល់អត្រាការប្រាក់ (Coupon rate) 5.5% ក្នុងមួយឆ្នាំជាមួយនឹងរយះពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
តាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោថ្មីនេះ មកដល់បច្ចុប្បន្នបានដំណើរសាងសង់សម្រេចបាន ២៨% បានចំណាយអស់ទឹកប្រាក់សាងសរុប ៣៧៥លានដុល្លារអាមេរិច ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC។
សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
ដោយឡែកក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។
សម្រាប់ ធនាគារABA គឺជាស្ថាប័នហិរញ្ញវត្ថុឯកជនឈានមុខគេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។ ABA គិតត្រឹមថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទ្រព្យសម្បត្តិសរុបរបស់ធនាគារមានទំហំ ៧,៧ ពាន់លានដុល្លារអាមេរិក។
ជាមួយសាខាទាំងអស់ ៨០និងម៉ាស៊ីនសេវាធនាគារស្វ័យប្រវត្តិជាង ៧៨០គ្រឿងនៅទូទាំងប្រទេស ជាមួយប្រព័ន្ធធនាគារ online ដ៏ទំនើបបានជម្រុញឲ្យធនាគារ ABA អាចផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ទំនើបទាន់សម័យ ដល់អតិថិជនយ៉ាងទូលំទូលាយ ៕
អត្ថបទ៖ ស៊ុម សុខជា