រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅថ្ងៃអង្គារ (ទី២០ ខែឧសភា) នេះ បាននិយាយថា ការបន្ធូរបន្ថយរបស់អ៊ីស្រាអែល ក្នុងការឲ្យមានលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា គឺមិនគ្រប់គ្រាន់នោះទេ។
លោក Barrot បានប្រាប់វិទ្យុ France Inter ថា៖ «វាមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះឡើយ។ ជំនួយជាបន្ទាន់ និងដ៏ច្រើន គឺត្រូវការជាចាំបាច់»។ លោកបានបន្ថែមថា អ៊ីស្រាអែលត្រូវការធានាឲ្យបាននូវលំហូរជំនួយដ៏ច្រើន និងបន្ទាន់ ដោយគ្មានការរារាំងអ្វីទាំងអស់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) មេដឹកនាំនៃប្រទេសអង់គ្លេស កាណាដា និងបារាំង បានគំរាមចាត់វិធានការជាក់ស្តែងលើអ៊ីស្រាអែល ប្រសិនបើប្រទេសនេះមិនបញ្ឈប់ការវាយលុកយោធាថ្មី នៅតំបន់ហ្កាហ្សា និងមិនលុបចោលការរឹតបន្តឹងដល់ដំណើរការផ្ដល់ជំនួយទេនោះ ដោយដាក់សម្ពាធបន្ថែមទៀតលើនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu៕


