សភានៃប្រទេសហុងគ្រី នៅថ្ងៃអង្គារ (ទី២០ ខែឧសភា) បានអនុម័តសេចក្ដីស្នើច្បាប់ ដែលនឹងចាប់ផ្តើមដំណើរការដកខ្លួនរយៈពេល ១ឆ្នាំរបស់ប្រទេស ចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban បាននិយាយថា បានក្លាយទៅជាស្ថាប័ន «នយោបាយ»។
រដ្ឋាភិបាលរបស់លោក Orban បានប្រកាសពីវិធានការនេះ កាលពីថ្ងៃទី៣ ខែមេសា ពោលគឺភ្លាមៗបន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu បានទៅដល់ហុងគ្រី សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋ ជាដំណើរដ៏កម្រកើតមាននៅក្រៅប្រទេស ដែលផ្គើននឹងដីកាចាប់ខ្លួនរបស់ ICC។ ប្រមុខសភានៃរដ្ឋភាគីរបស់ ICC បានសម្តែងការព្រួយបារម្ភ ចំពោះចំណាត់ការនេះ។
គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានបង្កើតឡើងជាង ២ទសវត្សរ៍កន្លងទៅ ដើម្បីកាត់ទោសអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍។
លោក Orban កាលពីខែមុនបានលើកឡើងថា ICC «លែងជាតុលាការមិនមានភាពលម្អៀងទៀតហើយ ពោលគឺជាតុលាការនីតិរដ្ឋនោះ ប៉ុន្តែជាតុលាការបម្រើនយោបាយ»។ ហុងគ្រីបានច្រានចោលគំនិតឲ្យមានការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហើយបានហៅដីកានេះថា «ឥតអៀនខ្មាស»។
ហុងគ្រីគឺជាសមាជិកស្ថាបនិកនៃ ICC និងបានផ្តល់សច្ចាប័នលើឯកសារស្ថាបិនរបស់ខ្លួន ក្នុងឆ្នាំ២០០១។ តែទោះជាយ៉ាងណាក្ដី ច្បាប់នេះមិនត្រូវបានផ្សព្វផ្សាយនោះទេ។ ច្បាប់ដកខ្លួនចេញពី ICC នេះ បានទទួលបានការអនុម័ត នៅថ្ងៃអង្គារនេះ ដោយមានសមាជិក ១៣៤រូប បោះឆ្នោតគាំទ្រ និង ៣៧រូប ប្រឆាំង៕