ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែ ទូកអេកូទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ។
នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សូមគាំទ្រលើគម្រោង សាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ដែលអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ ជាពិសេស សហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សព្រៃលិចទឹក ព្រៃកោងកាង ដែលជាសម្ភពជីវៈ ចម្រុះនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ ពិសេសសហគមន៍មូលដ្ឋាន អាចយកផលនេសាទផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍បងប្អូនប្រជា សហគមន៍មូលដ្ឋាន ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅ តាមដងព្រែកបានផងដែរ។
ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់សំណើរ ត្រូវធ្វើការសិក្សាពីបច្ចេកទេស នៃការសាងសង់ផែទូកនេះ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារជំនាញ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងមានសម្រស់ដ៏ទាក់ទាញនៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ។
ឯកឧត្ដម បន្ដថា តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែងមានស្ថានភាព ទីតាំងដីនៅតំបន់នេះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្រ រួចហើយ។
ចំណែកឯម្ចាស់សំណើបានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិច ទឹកនៅតាមព្រែកកំពង់ស្មាច់។ បច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ ។ល។ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២។
តាមរបាយការណ៍របស់ក្រុមការងារជំនាញ បញ្ជាក់ថា ការសាងសង់ផែទូកទេសចរណ៍លក្ខណៈជាផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ តែអាច ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន៕







