អង្គការសហប្រជាជាតិ (UN) បានទទួលការអនុញ្ញាតពីប្រទេសអ៊ីស្រាអែល ដើម្បីឲ្យរថយន្តជំនួយប្រហែល ១០០គ្រឿងបន្ថែមទៀតចូលទៅកាន់តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ (ទី២០ ខែឧសភា)។ នេះបើតាមការឲ្យពីអ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់ស្ថាប័នេះ។
អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់ UN លោក Jens Laerke បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «យើងបានស្នើសុំ ហើយទទួលបានការយល់ព្រមឲ្យរថយន្តដឹកទំនិញបន្ថែមទៀតចូលបាននៅថ្ងៃនេះ ពោលគឹច្រើនជាងការយល់ព្រម កាលពីម្សិលមិញ»។ នៅពេលត្រូវបានសួរបញ្ជាក់ថា មានចំនួនប៉ុន្មាន លោកបានឆ្លើយថា ប្រហែល ១០០គ្រឿង។
គួរបញ្ជាក់ថា បន្ទាប់ពីមានការរាំងខ្ទប់របស់ខ្លួនរយៈពេល ១១សប្តាហ៍ អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) បានសម្រេចបើកផ្លូវឲ្យរថយន្តជំនួយចំនួន ៩គ្រឿង ចូលទៅកាន់តំបន់ហ្កាហ្សា តាមរយៈច្រក Kerem Shalom តែលោក Laerke បាននិយាយថា មានតែ ៥គ្រឿងប៉ុណ្ណោះដែលបានចូលទៅក្នុងតំបន់ហ្កាហ្សា។
អមដោយការបន្ថែមថា រថយន្តទាំងនោះ មានផ្ទុកអាហារទារក និងផលិតផលរូបបត្ថម្ភសម្រាប់កុមារ លោក Laerke បានបញ្ជាក់ប្រាប់ថា៖ «ជំហានបន្ទាប់ គឺប្រមូលជំនួយទាំងនោះ ហើយបន្ទាប់មកនឹងត្រូវបានចែកចាយតាមរយៈប្រព័ន្ធដែលមានស្រាប់ ជាប្រព័ន្ធដែលដំណើរការបានល្អ»៕