មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់ប៉ាគីស្ថាន និយាយថា ប៉ាគីស្ថាន និងឥណ្ឌា បានព្រមព្រៀងគ្នាដកទ័ពដែលត្រូវបានដាក់ពង្រាយ អំឡុងជម្លោះកាលពីពេលថ្មីៗនេះរបស់ពួកគេ ចេញពីទីតាំងឈរជើងរបស់ពួកគេនាដំណាច់ខែឧសភានេះ ។
គួរឲ្យដឹងថា មនុស្សជាង ៧០នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះរយៈពេល ៤ថ្ងៃរបស់ពួកគេ ដែលបង្កឡើងដោយសារការវាយប្រហារលើភ្ញៀវទេសចរដោយក្រុមខ្មាន់កាំភ្លើងនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមុន ដែលទីក្រុងញូវដែល្លី ចោទប្រកាន់ទីក្រុងអ៊ីស្លាម៉ាបាដថាជាអ្នកគាំទ្រ គឺជាការចោទប្រកាន់មួយត្រូវបានច្រានចោលទាំងស្រុង ។
ការប្រឈមដាក់គ្នាផ្នែកយោធាដែលពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូន មីស៊ីល ការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំនេះ ត្រូវបានបញ្ឈប់ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាសបទឈប់បាញ់ដ៏ភ្ញាក់ផ្អើលមួយ ។
មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់ប៉ាគីស្ថានដែលសុំមិនបញ្ចេញឈ្មោះ ដោយសារពុំត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន និយាយប្រាប់ AFPថា ទាហាននឹងត្រូវដកចេញពីទីតាំងឈរជើងមុនពេលជម្លោះ នៅដំណាច់ខែឧសភានេះ ។
មន្រ្តីរូបនោះបន្តថា ប្រទេសទាំង ២ បានយល់ព្រមដកទ័ពតាមដំណាក់កាលសម្រាប់ទាហានសេសសល់ ហើយអាវុធយុទ្ធភណ្ឌដែលបានបញ្ជូនទៅកាន់តំបន់ព្រំដែនកាស្មៀរ ដែលជាខ្សែបន្ទាត់គ្រប់គ្រងព្រំដែនប្រទេសទាំង ២ ៕