សារព័ត៌មានសន្តិសុខសាធារណៈ បានរាយការណ៍ថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនបវរកញ្ញា និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ពីបទក្លែងបន្លំ បន្ទាប់ពីរូបនាងបានផ្សព្វផ្សាយផលិតផលអាហារបំប៉នដែលនាងអះអាងថា សម្បូរទៅដោយជាតិសរសៃ នៅលើបណ្តាញបណ្ដាញសង្គមរបស់ខ្លួន។
នគរបាល កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) បាននិយាយថា នាង Nguyen Thuc Thuy Tien បានដឹងថា ជាតិសរសៃរបស់ស្ករគ្រាប់នេះ មានកម្រិតទាប ពោលគឺមានត្រឹមតែ ០,៩៣៥ភាគរយប៉ុណ្ណោះ។
អតីតម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International ដែលមានមូលដ្ឋាននៅប្រទេសថៃ នាង Tien គឺជាបវរកញ្ញាដ៏មានប្រជាប្រិយភាព នៅវៀតណាម ដែលបានទទួលវិញ្ញាបនបត្រសរសើរពីនាយករដ្ឋមន្ត្រី។
នាង Tien បានផ្សព្វផ្សាយផលិតផលឈ្មោះ Kera Supergreens Gummies រួមជាមួយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមឈ្មោះ Pham Quang Linh និង Hang Du Muc។ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា ផលិតផលនេះ គឺជាការបង្កើតឡើងដោយការបណ្តាក់ទុនរួមគ្នា រវាងនាង Tien និងក្រុមហ៊ុនដែលបង្កើតឡើងដោយអ្នកមានឥទ្ធិពល ២រូបផ្សេងទៀត។
កាលពីខែធ្នូកន្លងទៅ Tien បានផ្សព្វផ្សាយផលិតផលអាហារបំប៉ន ២មុខផ្សេងទៀត ជាស្ករគ្រាប់សុខភាព ដោយប្រាប់ថា ហូបស្ករគ្រាប់នេះ ១គ្រាប់ ស្មើនឹងបរិភោគបន្លែ ១ចាន។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ផលិតផលអាហារបំប៉ននេះផ្ទុកសារធាតុ Sorbitol ៣៥ភាគរយ ជាសារធាតុផ្អែមសិប្បនិម្មិត ដែលមានឥទ្ធិពលពីថ្នាំបញ្ចុះលាមក រួមជាមួយនឹងសារធាតុបន្ថែមដែលមិនត្រូវបានបង្ហាញឲ្យដឹង។
គួរបញ្ជាក់ថា នាង Tien ទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីបានឈ្នះការប្រកួតប្រជែងបវរកញ្ញា នៅទីក្រុងបាងកក ក្នុងឆ្នាំ២០២១ និងបានទទួលការផ្សាយពាណិជ្ជកម្មជាមួយនឹងម៉ាកយីហោនានា៕