នគរបាលបានប្រាប់ឲ្យដឹងថា កូនសិស្ស ៣នាក់បានរងរបួស អំឡុងពេលមានការវាយប្រហារ នៅសាលារៀនមួយកន្លែង នៅភាគខាងត្បូងប្រទេសហ្វាំងឡង់ នាថ្ងៃអង្គារ (ទី២០ ខែឧសភា) នេះ ហើយសិស្សម្នាក់ដែលត្រូវបានសង្ស័យធ្វើសកម្មភាពវាយប្រហារនេះ ត្រូវបានចាប់ខ្លួន។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកវាយប្រហារបានប្រើអាវុធមុតស្រួច ដោយបានបន្ថែមថា របួសមិនត្រូវបានគេជឿថា អាចគំរាមកំហែងដល់អាយុជីវិតនោះឡើយ។
នគរបាលបានឲ្យដឹងទៀតថា ខ្លួនកំពុងស៊ើបអង្កេតលើសំបុត្រដែលគេជឿថា ត្រូវបានផ្សព្វផ្សាយដោយជនសង្ស័យ មុនពេលមានហេតុការណ៍នេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិត អំពីខ្លឹមសារនោះទេ។ ជាមួយគ្នានេះ អាជ្ញាធរមិនបានបញ្ជាក់ពីអាយុរបស់ជនរងគ្រោះនោះឡើយ ប៉ុន្តែបានប្រាប់ថា ឪពុកម្តាយរបស់ពួកគេបានទទួលដំណឹងហើយ។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័ររបស់សាលា បានឲ្យដឹងថា សិស្សនៅសាលា Vahajarvi ក្នុងទីក្រុង Pirkkala ដែលមានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Helsinki មានចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៩៕