រដ្ឋាភិបាលវៀតណាម និយាយនៅថ្ងៃអង្គារនេះថា វៀតណាម និងសហរដ្ឋអាមេរិក បានចាប់ផ្តើមជុំទី ២នៃកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលពួកគេព្យាយាមស្វែងរកកិច្ចព្រមព្រៀងចៀសវាងអត្រាពន្ធ ៤៦ភាគរយដែលអាចធ្វើឲ្យទន់ខ្សោយគំរូកំណើនសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់ពួកគេ ។
ក្រសួងពាណិជ្ជកម្មវៀតណាម និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជុំទី ២នៃកិច្ចប្រជុំផ្លូវការសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនិងបន្តរហូតដល់ថ្ងៃទី ២២ ខែឧសភា ។ ជុំដំបូងនៃកិច្ចប្រជុំ ត្រូវបានរៀបចំឡើងកាលពីដើមខែនេះ ។
ក្រសួងបន្តថា ប្រទេសទាំង ២ មាននូវកិច្ចពិភាក្សាលើវិធីសាស្រ្តរួមក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋាននៃក្តីកង្វល់រៀងៗខ្លួន ក៏ដូចជាពន្លឿនដំណើរការចរចា ។ វៀតណាម និងសហរដ្ឋអាមេរិក នឹងនិយាយគ្នាផងដែរលើគោលនយោបាយបច្ចុប្បន្ន ដែលជាមូលដ្ឋានបន្តឆ្ពោះទៅរកជំហានបន្ទាប់ ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien កំពុងដឹកនាំគណៈប្រតិភូ រួមទាំងក្រុមអ្នកតំណាងមកពីវិស័យជាច្រើន ដូចជាវិស័យសំណង់ ឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជាក្រុមមន្រ្តីមកពីធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុ ។
លោក Dien បានជួបជាមួយសមភាគីសហរដ្ឋអាមេរិកលោក Jamieson Greer ផងដែរនៅកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន បន្ទាប់ពីជំនួបក្រុមប្រទេស APEC ៕