វេទិកាសេដ្ឋកិច្ចកាតាលើកទី ៥ បានចាប់ផ្តើមហើយនៅទីក្រុង Lusail ស្ថិតក្នុងប្រទេសកាតានាថ្ងៃអង្គារនេះ ជាមួយនឹងវាគ្មិនជាច្រើនរូប រួមទាំងនាយករដ្ឋមន្រ្តីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani ។
អំឡុងពេលបើកវេទិកា ព្រះអង្គម្ចាស់ Al Thani មានព្រះបន្ទូលថា ការចរចាបទឈប់បាញ់ហ្កាហ្សានៅទីក្រុង Doha ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មិនអាចឆ្ពោះទៅមុខបាននោះទេ ដោយសារការខ្វែងគំនិតគ្នាជាមូលដ្ឋានរវាងភាគីទាំង ២ ។
ព្រះអង្គម្ចាស់ Al Thani បានច្រានចោលក្តីកង្វល់ថាកាតាព្យាយាមទិញឥទ្ធិពលពីសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ក្រោយប្រធានព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បានណែនាំសំណើច្បាប់កាលពីថ្ងៃចន្ទ នឹងការពារយន្តហោះបរទេសពីការប្រតិបត្តិការជាយន្តហោះ Air Force One ដែលជាយន្តហោះដឹកប្រធានាធិបតីសហរដ្ឋអាមេរិក ។
ទ្រង់មានបន្ទូលទៀតថា ការផ្តល់អំណោយរបស់កាតាជាយន្តហោះ Boeing BA.N 747-8 ដល់លោកប្រធានាធិបតីអាមេរិក Trump គឺជារឿងធម្មតាទេ ដែលកើតឡើងរវាងប្រទេសសម្ព័ន្ធមិត្ត ។
ព្រះអង្គម្ចាស់ Al Thani បញ្ជាក់ថា ទ្រង់សង្ឃឹមថា សហរដ្ឋអាមេរិកសំឡឹងមើលកាតាក្នុងនាមជាប្រទេសដៃគូអាចទុកចិត្តបាន លើវិស័យការទូតដែលមិនព្យាយាមទិញឥទ្ធិពលអ្វីនោះឡើយ ។
លោក Trump បានច្រានចោលក្តីកង្វល់សីលធម៌មួយនេះ ដោយលោកនិយាយថា វាល្ងង់ពេកហើយកាលដែលបដិសេធន៍មិនព្រមទទួលការផ្តល់ជូនដ៏សប្បុរសនេះ ។
លោកថា ចុងក្រោយយន្តហោះ Boeing 747-8 នឹងត្រូវបរិច្ចាគដល់បណ្ណាល័យប្រធានាធិបតីរបស់លោកដែលជាកន្លែងផ្ទុកឯកសារស្រាវជ្រាវពីរដ្ឋបាលរបស់លោក ហើយលោកគ្មានបំណងប្រើប្រាស់វានោះទេ សម្រាប់ហេតុផលផ្ទាល់ខ្លួន ក្រោយពេលលោកចាកចេញពីអំណាច ៕