ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុងគីវ និយាយនាថ្ងៃអង្គារនេះថា ពួកគេសង្ឃឹមថានឹងមានជំហានបន្ថែមទៀតឆ្ពោះទៅរកការជំរុញបទឈប់បាញ់ និងបញ្ចប់សង្រ្គាម ក្រោយការជជែកគ្នាតាមទូរស័ព្ទរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
លោក Svitlana Kuz គឺជាពលរដ្ឋវ័យ ៥៤ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា និយាយជាមួយមនុស្សដូចជាលោក Putin គាត់យល់តែពីគោលជំហរប្រើកម្លាំងមួយគត់ ។ វិធានការមួយចំនួនលើគាត់ គឺទណ្ឌកម្មរឹងមាំ ទើបអាចនាំឲ្យទទួលបានលទ្ធផលមួយចំនួន ។
លោក Zelenskiy និយាយថា លោកបាននិយាយជាមួយលោក Trump ផងដែរកាលពីថ្ងៃចន្ទ មុនពេលមេដឹកនាំសហរដ្ឋអាមេរិករូបនេះ ទូរស័ព្ទទៅកាន់លោក Putin ហើយក្រោយមកលោកមាននូវកិច្ចសន្ទនាពាក់ព័ន្ធជាមួយមេដឹកនាំបារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប ។
អ្នកស្រី Iryna Havrylova វ័យ ៤២ឆ្នាំ គឺជាពលរដ្ឋមួយរូបទៀតរស់នៅទីក្រុងគីវដែរនោះ និយាយថា ការជជែកគ្នាតាមទូរស័ព្ទទាំងអស់នេះ កិច្ចពិភាក្សាទាំងអស់នេះ គឺគ្មានន័យអ្វីនោះទេ ។
លោក Trumpបាននិយាយក្រោយការជជែកគ្នាតាមទូរស័ព្ទជាមួយលោក Putinថា រុស្ស៊ី និងអ៊ុយក្រែន ត្រូវចាប់ផ្តើមកិច្ចចរចាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់ ។
សូមបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែនមាននូវកិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីសប្តាហ៍មុន តាមសំណើរបស់សហរដ្ឋអាមេរិក ៕