នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបង្ហាញមន្ទិលសង្ស័យរបស់លោកចំពោះកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដែលនឹងនាំឲ្យមានកិច្ចព្រមព្រៀង ខណៈទីក្រុងតេអេរ៉ង់ ពិនិត្យមើលសំណើឲ្យមានជុំទី ៥នៃកិច្ចចរចា ។
ថ្លែងនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi លោក Khameneនិយាយថា កិច្ចចរចាពុំបាននាំមកលទ្ធផលនោះទេ អំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក Raisi ហើយលោកក៏មិនគិតថា វានឹងនាំមកនូវលទ្ធផលអ្វីនោះដែរនៅពេលឥឡូវនេះ ។
បើទោះបីជាការរំពឹងទុកថា ជុំទី ៥នៃកិច្ចចរចាអាចនឹងកើតឡើងនាចុងសប្តាហ៍នេះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីយ៉ាងណាក្តី កិច្ចប្រជុំនុយក្លេអ៊ែរ ទំនងជាមិនទទួលបានជោគជ័យនោះទេ ពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែប៉ះទង្គិចគ្នាលើបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ។
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Majid Takht-Ravanchi និយាយកាលពីថ្ងៃចន្ទថា កិច្ចប្រជុំនឹងបរាជ័យ បើសិនជាទីក្រុងវ៉ាស៊ីនតោនទទួចឲ្យទីក្រុងតេអេរ៉ង់ ចៀសវាងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលសហរដ្ឋអាមេរិក និយាយថា វាអាចជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍនគ្រាប់បែកនុយក្លេអ៊ែរ ៕