រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារ (២០ ឧសភា) ថា ចំនួនទិដ្ឋាការដែលលោកបានដកហូត គឺប្រហែលជារាប់ពាន់ច្បាប់ ដោយបន្ថែមថា លោកជឿថា នៅមានច្រើនទៀតដែលនឹងត្រូវធ្វើ។
រដ្ឋបាលរបស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ Donald Trump បានស្វះស្វែងបង្កើនការនិរទេសជនអន្តោប្រវេសន៍ និងដកហូតទិដ្ឋាការសិស្សនិស្សិត ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ខ្លួន ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក។

លោក Rubio បានប្រាប់អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់ព្រឹទ្ធសភាថា "លោកមិនដឹងតួលេខចុងក្រោយបំផុតទេ ប៉ុន្តែក្រសួងការបរទេសប្រហែលជាត្រូវធ្វើបែបនោះច្រើនទៀត"។ នៅពេលត្រូវសាកសួរដើម្បីផ្តល់តួលេខប៉ាន់ប្រមាណ លោក Rubio និយាយថា ប្រហែលជារាប់ពាន់ទិដ្ឋាការហើយនៅចំណុចនេះ ដែលជាការកើនឡើងខ្លាំងពីខែមីនា នៅពេលដែលលោកបាននិយាយថា ក្រសួងការបរទេសប្រហែលជាដកហូតទិដ្ឋាការពីមនុស្សច្រើនជាង ៣០០នាក់។

ក្រុមមន្ត្រីរដ្ឋបាលលោក Trump និយាយថា អ្នកកាន់ទិដ្ឋាការនិស្សិត និងអ្នកកាន់បណ្ណបៃតង ប្រឈមនឹងការនិរទេស ជុំវិញការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីន និងការរិះគន់អ៊ីស្រាអែលក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ដោយហៅសកម្មភាពរបស់អ្នកទាំងនោះថាជាការគំរាមកំហែងដល់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក និងបានចោទពួកគេថាជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាស។

អ្នករិះគន់របស់លោក Trump បានហៅកិច្ចខិតខំប្រឹងប្រែងនេះថាជាការវាយប្រហារលើសិទ្ធិបញ្ចេញមតិដោយសេរី ក្រោមវិសោធនកម្មដំបូងនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕