បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខណ្ឌកំពូល English Premier League ទាំងអស់ត្រូវធ្វើតេស្តរកមេរោគ Covid-19 ដោយឧបករណ៍តេស្តរហ័សជារៀងរាល់ថ្ងៃលើកីឡាករ និងបុគ្គលិកក្លិបទាំងអស់ដែលនេះជាវិធានការរបស់ Premier League ក្នុងការជួយទប់ស្កាត់ការរីករាលដាលឆ្លងខ្លាំងនៃមេរោគ Covid-19 បម្លែងខ្លួនអូមីក្រុង។

Premier League បានបញ្ជាក់កាលពីថ្ងៃចន្ទកន្លងទៅថា សប្តាហ៍មុនមានករណីឆ្លង ៤២ករណីថ្មីក្នុងរយៈពេល ៧ថ្ងៃនៃសប្តាហ៍មុន។ លើសពីការធ្វើតេស្តជាប្រចាំរាល់ថ្ងៃ Premier League ក៏តម្រូវឱ្យមានការធ្វើតេស្តម៉ាស៊ីនធំ PCR ពីរលើកផងដែរក្នុងមួយសប្តាហ៍។ Brighton, Spurs, Leicester, Aston Villa និង Norwich សុទ្ធតែក្លិបដែលមានករណីឆ្លងកាលពីថ្ងៃអាទិត្យ ស្របពេលជំនួបរវាង Brighton និង Spurs ត្រូវបានលើកពេលផងដែរ ក្រោយក្លិបនៅទីក្រុងឡុងដ៍ឆ្លងច្រើននាក់នៅក្នុងក្លិប។
ចំណែកការប្រកួតរបស់ Manchester United ធ្វើដំណើរទៅទឹកដីរបស់ Brentford យប់មិញក៏ត្រូវបានលើកពេលដែរ បន្ទាប់ពីផ្ទុះឆ្លង Covid-19 ច្រើននាក់ក្នុងក្លិបនៅ Old Trafford។ សូមបញ្ជាក់ថា ការរកឃើញករណីឆ្លងថ្មីដល់ទៅ ៤២ករណីក្នុងមួយសប្តាហ៍នេះគឺអត្រាឆ្លងខ្ពស់បំផុតក្នុងមួយសប្តាហ៍តាំងពី Premier League ចាប់ផ្តើមធ្វើតេស្តដំបូងនៅរដូវកាល ២០១៩-២០២០៕
អត្ថបទ៖នាង សុភាវុធ