ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ប្រទេសចិនបានរិះគន់មេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឆីង-ទ័រ (Lai Ching-te) កាលពីថ្ងៃអង្គារ ២០ ឧសភា ចំពោះជំហរផ្តាច់ខ្លួនរបស់ខ្លួនក្នុងការជំរុញឯករាជ្យកោះតៃវ៉ាន់ ដោយហៅបំណងនោះថានឹងត្រូវបរាជ័យ។

យោងតាមទូរទស្សន៍ CCTV លោកជិន ប៊ិនហ័រ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំង បាននិយាយថា សុន្ទរកថានាពេលថ្មីៗនេះរបស់មេដឹកនាំនៃតំបន់តៃវ៉ាន់ បន្តប្រកាន់ខ្ជាប់នូវជំហរផ្តាច់ខ្លួននៃឯករាជ្យកោះតៃវ៉ាន់ ។

លោក Lai ដែលជាអ្នកការពារយ៉ាងម៉ឺងម៉ាត់នៃអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ និងត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងមិនពេញចិត្ត បាននិយាយកាលពីថ្ងៃអង្គារអំពីតម្រូវការដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាមដើម្បីបញ្ចៀសសង្រ្គាម និងពង្រឹងភាពធន់សេដ្ឋកិច្ចរបស់កោះនេះ។

លោក Lai បាននិយាយក្នុងសុន្ទរកថាអបអរឆ្នាំដំបូងរបស់លោកក្នុងការកាន់តំណែងថា សន្តិភាពគឺមិនអាចកាត់ថ្លៃបាន ហើយគ្មានអ្នកឈ្នះក្នុងសង្គ្រាមទេ។
ប៉ុន្តែលោកបានបន្ថែមថា ពួកលោកមិនអាចមានការបំភាន់ទេ ហើយបានប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ។
ប្រទេសចិន ដែលអះអាងសិទ្ធិថា កោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន បានគំរាមដាក់បញ្ចូលជាឧបសម្ព័ន្ធដោយការប្រើកម្លាំង និងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាច្រើនលើក ជុំវិញកោះនេះ ចាប់តាំងពីលោក Lai ឡើងកាន់តំណែង៕