នាយករដ្ឋមន្ត្រីប្រទេសកាតា បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតែជួបភាពជាប់គាំង។

នៅឯវេទិកាសេដ្ឋកិច្ចប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា «ជុំជាច្រើននៃការចរចាដែលបានធ្វើឡើងនៅទីក្រុង Doha ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ ជាការគួឲ្យសោកស្តាយដែលពុំបាននាំយើងឲ្យឈានដល់កន្លែងណាមួយនៅឡើយ ដោយសារតែមានគម្លាតជាមូលដ្ឋានរវាងភាគីទាំងពីរ។

លោក Al Thani បាននិយាយថាភាគីម្ខាង កំពុងស្វែងរក «កិច្ចព្រមព្រៀងមួយផ្នែក» និងភាគីម្ខាងទៀតស្វែងរក «កិច្ចព្រមព្រៀងមួយផ្នែកផ្សេងទៀត»។ លោកបាននិយាយបន្ថែមថា សំណើរបស់ភាគីទាំងពីរ បានបរាជ័យក្នុងការបង្រួបបង្រួមការខ្វែងគំនិតគ្នាក្នុងចំណោមពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កំពុងពិចារណាដកគណៈប្រតិភូរបស់លោកចេញពីកិច្ចចរចា។

ក្នុងពេលជាមួយគ្នានេះដែរ កងកម្លាំងរបស់លោកនៅតំបន់ហ្កាហ្សាកំពុងបន្តរុលទៅមុខដោយការវាយប្រហារតាមអាកាស និងការវាយលុកលើដីគោក ព្រមទាំងពង្រីកវិសាលភាពនៃការព្រមានជម្លៀសប្រជាជន។ អ្នកស្រុកនៅភាគខាងត្បូងទីក្រុង Khan Younis ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ។ វីដេអូ បានបង្ហាញពួកគេកំពុងរត់ភៀសខ្លួនចេញដោយថ្មើរជើង មានតែរបស់របរដែលអាចយកទៅតាមខ្លួនបានតែប៉ុណ្ណោះ។