កងកម្លាំងប្រដាប់អាវុធទីក្រុងម៉ានីល បាននិយាយនៅថ្ងៃពុធ (២១ ឧសភា) នេះថា នាវាឆ្មាំល្បាតឆ្នេរនៃប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចូលរួមជាលើកដំបូងក្នុងសមយុទ្ធដែនសមុទ្ររួមគ្នា ជាមួយអង្គភាពកងទ័ពជើងទឹក និងទ័ពអាកាស នៅក្នុងសមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែង។

សមយុទ្ធ ដែលធ្វើឡើងកាលពីថ្ងៃអង្គារក្នុងដែនទឹក Palawan និង Occidental Mindoro នោះ មានការចូលរួមពីកងទ័ពជើងទឹក កងទ័ពអាកាស និងឆ្មាំល្បាតឆ្នេរហ្វីលីពីន រួមជាមួយអង្គភាពឆ្មាំល្បាតឆ្នេរអាមេរិក Cutter Stratton និងយន្តហោះល្បាតដែនសមុទ្ររបស់អាមេរិក P-8A Poseidon។

យោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា "សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ" ដែលជាលើកទីពីរសម្រាប់ឆ្នាំនេះ និងលើកទី៦ ចាប់តាំងពីសម្ព័ន្ធមិត្តទាំងពីរចាប់ផ្តើមសកម្មភាពរួមគ្នាក្នុងឆ្នាំ២០២៣មក រួមមានសមយុទ្ធលើទំនាក់ទំនង និងសេណារីយ៉ូស្វែងរក និងជួយសង្គ្រោះនៅដែនទឹក។

ប្រមុខកងកម្លាំងហ្វីលីពីន លោក Romeo Brawner និយាយថា "សកម្មភាពរួមគ្នា ដូចជាការហ្វឹកហ្វឺននេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ក្នុងការធ្វើទំនើបកម្មសមត្ថភាព និងការពង្រឹងភាពជាដៃគូការពារជាតិ ដើម្បីបានផលប្រយោជន៍ជាតិ និងដែនសមុទ្រក្នុងតំបន់"។
គួរឱ្យដឹងថា សមុទ្រចិនខាងត្បូងជាប្រធានបទក្ដៅគគុកក្នុងទំនាក់ទំនងរវាងហ្វីលីពីន និងចិន ដែលត្រូវបានតានតឹងដោយជម្លោះលើអធិបតេយ្យភាពនៅដែនទឹកនេះ ដែលជាបណ្ដាញសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិដុល្លារ៕