រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យមានការ «ពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយ» នៃការដកទ័ពដ៏ច្របូកច្របល់របស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១ ជាប្រតិបត្តិការជម្លៀសដែលបណ្តាលឲ្យទាហានអាមេរិក១៣នាក់ និងពលរដ្ឋអាហ្វហ្គានីស្ថាន១៥០នាក់ស្លាប់នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ក្នុងការបំផ្ទុះគ្រាប់បែករបស់ក្រុមរដ្ឋអ៊ីស្លាម។

វាមិនច្បាស់នោះទេថាតើការពិនិត្យឡើងវិញរបស់ លោក Hegseth នឹងខុសគ្នាពីការពិនិត្យឡើងវិញកាលពីពេលមុនៗច្រើនឬយ៉ាងណា ដែលត្រូវបានអនុវត្តរួមដោយយោធាសហរដ្ឋអាមេរិក ក្រសួងការបរទេស និងសមាជិកគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងសភា។

លោក Hegseth អាចត្រូវបានចោទប្រកាន់ពីបទយកបញ្ហានេះមកធ្វើនយោបាយ។ រដ្ឋបាលលោក Biden ដែលគ្រប់គ្រងការដកទ័ពនៅឆ្នាំ២០២១ ភាគច្រើនបានដាក់កំហុសលើភាពវឹកវរបណ្តាលមកពីការខ្វះផែនការ និងការកាត់បន្ថយកងទ័ពដោយរដ្ឋបាល លោក Trump កាលពីអាណត្តិដំបូង បន្ទាប់ពីមានកិច្ចព្រមព្រៀងឆ្នាំ២០២០ ជាមួយក្រុមតាលីបង់ ក្នុងការដកកងកម្លាំងរបស់សហរដ្ឋអាមេរិក។

នៅលើផ្លូវនៃយុទ្ធនាការនេះ លោក Trump ជារឿយៗបានរិះគន់លោក Biden និងរដ្ឋបាលរបស់លោកចំពោះការដកកងទ័ព។ នៅក្នុងអនុស្សរណៈមួយ លោក Hegseth បាននិយាយថា បន្ទាប់ពីរយៈពេលបីខែនៃការពិនិត្យឡើងវិញនៃការដកកងទ័ព ការពិនិត្យគ្រប់ជ្រុងជ្រោយគឺចាំបាច់ដើម្បីធានាបានការទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នោះ។