ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (20 ឧសភា) បានប្រកាសជាផ្លូវការនូវផែនការសម្រាប់កម្មវិធីប្រព័ន្ធការពារមីស៊ីល Golden Dome នាពេលអនាគត តម្លៃ ១៧៥ពាន់លានដុល្លារ ដែលទំនងជានឹងចំណាយអស់រាប់សិបពាន់លានដុល្លារពីអ្នកបង់ពន្ធ និងត្រូវប្រើពេលច្រើនឆ្នាំដើម្បីសម្រេចបាន ដោយគម្រោងនោះអាចដំណើរការនៅចុងបញ្ចប់អាណត្តិទីពីររបស់លោក។

លោក Trump បាននិយាយនៅឯសេតវិមានថា "នៅក្នុងយុទ្ធនាការនេះ លោកបានសន្យាជាមួយប្រជាជនអាមេរិកថានឹងបង្កើតខែលការពារមីស៊ីលដ៏ទំនើបមួយ" ។ លោកបន្ថែមថា "ថ្ងៃនេះ លោកសូមប្រកាសថា រដ្ឋបាលបានជ្រើសរើសជាផ្លូវការនូវស្ថាបត្យកម្មសម្រាប់ប្រព័ន្ធការពារដ៏ទំនើបនេះ"។

ប្រសិនបើសម្រេចបានមែន នោះប្រព័ន្ធ Golden Dome នឹងតំណាងឱ្យការចាប់ផ្ដើមលើកដំបូងដែលអាមេរិកដាក់សព្វាវុធនៅក្នុងលំហ ដែលអាចបាញ់បំផ្លាញមីស៊ីលដែលហោះចូលជិតទីតាំងណាមួយ អំឡុងពេលហោះហើរ។ លោក Trump ក៏ប្រកាសថា លោក Michael Guetlein ដែលបច្ចុប្បន្នជាអនុប្រធានប្រតិបត្តិការអវកាស នឹងជាអ្នកទទួលខុសត្រូវត្រួតពិនិត្យដំណើរការផលិតថ្មីនេះ។

លក្ខណៈពិសេសរបស់ប្រព័ន្ធ Golden Dome នឹងរួមបញ្ចូលសមត្ថភាពនៅលើដីគោក និងលំហ ដែលអាចពិនិត្យឃើញ និងបញ្ឈប់មីស៊ីល នៅគ្រប់ដំណាក់កាលសំខាន់ៗទាំង៤ នៃការវាយប្រហារដែលអាចកើតមានដូចជា ១-ការរកឃើញ និងបំផ្លាញមីស៊ីលសត្រូវមុនពេលបាញ់បង្ហោះ ២-ស្ទាក់ចាប់មីស៊ីលក្នុងដំណាក់កាលដំបូងនៃការហោះហើរ ៣-បញ្ឈប់មីស៊ីលនៅពាក់កណ្តាលអាកាស ឬទី៤ បញ្ឈប់មីស៊ីលនៅនាទីចុងក្រោយ នៅពេលចុះកាន់គោលដៅមួយ៕