ភ្នំពេញ៖ ក្នុងគោលបំណងជំរុញដល់ការវិវឌ្ឍប្រាក់ឈ្នួលអប្បបរមារឲ្យកាន់តែល្អប្រសើរទៅមុខថែមទៀត ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នឹងបន្តពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ និងបង្កើនកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកលឆ្នាំ២០២០-២០២១ នៅព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២១នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជាបានបន្តតំឡើងប្រាក់ឈ្នួលអប្បបរមា ២ឆ្នាំជាប់គ្នា នៅក្នុងឆ្នាំ២០២០ និង២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជា បានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមបានបន្តថា ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការធានានិងរក្សាស្ថិតភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាព រវាងផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ (ILO)។
ទាក់ទិននិងសិក្ខាសាលាខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា មានគោលបំណង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមអំពីការវិវឌ្ឍន៍នៃប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅក្នុងតំបន់ ព្រមទាំងវិធីសាស្ត្រក្នុងការពង្រឹងស្ថាប័នទីផ្សារការងារ និងការរៀបចំគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
របាយការណ៍ប្រាក់ឈ្នួលសកល គឺជារបាយការណ៍សំខាន់មួយរបស់អង្គការអន្តរជាតិខាងការងារ ដែលបានចេញផ្សាយរៀងរាល់ពីរឆ្នាំម្តង។ របាយការណ៍ដែលបានចេញផ្សាយក្នុងឆ្នាំ២០២០-២០២១នេះ បានសិក្សាពីប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅទូទាំងពិភពលោក និងតួនាទីរបស់ប្រាក់ឈ្នួលអប្បបរមាក្នុងការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងរបៀបនៃការកំណត់ ឬការចរចាប្រាក់ឈ្នួលអប្បបរមាដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។
សិក្ខាសាលានេះ ក៏បានបង្ហាញយ៉ាងច្បាស់នូវការបន្តការគាំទ្រយ៉ាងសកម្មរបស់អង្គការអន្តរជាតិខាងការងារ ជាមួយនឹងរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី