កងទ័ពប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា ថា ខ្លួនបានដណ្តើមយករដ្ឋធានីទាំងមូល និងរដ្ឋ Khartoum ពីកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)។

អ្នកនាំពាក្យកងទ័ពស៊ូដង់ លោកឧត្តមសេនីយ Nabil Abdallah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា«យើងប្រកាសនៅថ្ងៃនេះ នូវការបោសសម្អាតទាំងស្រុងនៅរដ្ឋ Khartoum ទាំងមូល»។

សង្គ្រាម បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បន្ទាប់ពីភាគីទាំងពីរមិនឯកភាពគ្នាលើការធ្វើសមាហរណកម្មកងកម្លាំងរបស់ខ្លួន បណ្តាលឲ្យប្រទេសនេះរងការបំផ្លាញធ្ងន់ធ្ងរ។
កងកម្លាំងទាំងពីរ បានសហការគ្នាក្នុងការធ្វើរដ្ឋប្រហារនៅឆ្នាំ២០២១ ដែលបានបង្អាក់ដំណើរផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការបណ្តេញចេញលោក Omar al-Bashir ដែលជាអ្នកកាន់អំណាចផ្តាច់ការយូរអង្វែង នៅឆ្នាំ ២០១៩។ កងកម្លាំងគាំទ្ររហ័ស(RSF) បានវាយប្រហារលើរដ្ឋាភិបាល ដឹកនាំដោយកងទ័ព ក្នុងការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះលើរដ្ឋធានី Port Sudan ។