រដ្ឋមន្ត្រីសុខាភិបាលនិងប្រជាសេវារបស់សហរដ្ឋអាមេរិក លោក Robert F. Kennedy Jr. បានហៅអង្គការសុខភាពពិភពលោក ថា ជិតឈានដល់ដំណាក់កាលស្លាប់ នៅក្នុងវីដេអូមួយ ដែលបានបង្ហាញដល់កិច្ចប្រជុំមន្ត្រីសុខាភិបាលពិភពលោក កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា ក្នុងសន្និបាតប្រចាំឆ្នាំរបស់ស្ថាប័ននេះ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំមួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Donald Trump ដោយធ្វើឱ្យអង្គការមួយនេះខ្វះថវិកាយ៉ាងច្រើន ដែលស្ថាប័នកំពុងស្វែងរកដំណោះស្រាយតាមរយៈការធ្វើកំណែទម្រង់នៅក្នុងសន្និបាត ក្នុងសប្តាហ៍នេះ។

លោក Kennedy បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយដោយក្រសួងសុខាភិបាល និងប្រជាសេវា នៅលើបណ្តាញ YouTube ថា «ខ្ញុំជំរុញឱ្យរដ្ឋមន្ត្រីសុខាភិបាលរបស់ពិភពលោក និងអង្គការសុខភាពពិភពលោក(WHO) ទទួលយកការដកខ្លួនចេញរបស់យើងពីអង្គការនេះ ជាការអំពាវនាវក្រើនរំលឹក។ លោកនិយាយថា «យើងបានទាក់ទងជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នារួចហើយ ហើយយើងជំរុញទឹកចិត្តដល់អ្នកផ្សេងទៀតឱ្យពិចារណាចូលរួមជាមួយយើង»។

ការអត្ថាធិប្បាយរបស់លោក Kennedy ត្រូវបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋជាសមាជិករបស់ អង្គការសុខភាពពិភពលោក(WHO) បានអនុម័តកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ដើម្បីត្រៀមរៀបចំឱ្យកាន់តែប្រសើរសម្រាប់ជំងឺរាតត្បាត នាពេលអនាគត។