
ភ្នំពេញ៖ មុនពេលករណីជំងឺកូវីដ-១៩ រីករាលដាលក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែរៀបចំព្រឹតិ្តការណ៍វប្បធម៌ ពិព័រណ៍ស្នាដៃនិស្សិត ។ ប៉ុន្តែដោយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានផលរំខានដោយសារមេរោគកូវីដ-១៩ សាកលវិទ្យាល័យបានអាក់ខាន ឋិតជំងឺកូវីដ១៩ធូរស្រាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្រៀងរៀបចំព្រឹតិ្តការណ៍នេះឡើងវិញ។
បើតាមឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ BTV ព័ត៌មានថា នៅឆ្នាំ២០២២ខាងមុខនេះ សាកលវិទ្យាល័យ មានព្រឹតិ្តការណ៍វប្បធម៌ផ្សេងៗទៀតដែលប្រារព្ធឡើង ស្របពេលដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យ កំពុងពិចារណាឡើងវិញថាតើស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល និងកាន់តែប្រសើរឡើង គណៈគ្រប់គ្រងតាមមហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យ នឹងរៀបចំចាត់ចែងឲ្យនិស្សិត បានប្រារព្ធការតាំងពិព័រណ៍ស្នាដៃនិស្សិត ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ និងការងារបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ «មាន» សម្រាប់ជូនដល់សាធារណៈជន ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ តាមរយៈស្នាដៃរបស់និស្សិត ផ្នែកតន្រី្ត សិល្បៈនាដសាស្ត្រ ស្ថាបត្យកម្ម បុរាណវិទ្យា សិល្បៈសូនរូប ឲ្យមានឡើងវិញ ដោយកាត់បន្ថយចំនួនអ្នកចូលទស្សនា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលជំងឺកូវីដ-១៩។ ក្រៅពីនោះសាកលវិទ្យាល័យ ក៏មានគម្រោងធ្វើកិច្ចសហប្រតិបតិ្តការជាមួយអន្តរជាតិសំខាន់ៗចំនួន០២ ដែលគ្រោងអនុវត្តន៍នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។ ទី១.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទទួលមូលនិធិពីសហគមន៍អឺរ៉ុប ជាមួយនឹងសាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួន នៅប្រទេសអេស្ប៉ាញ ដោយផ្តោតទៅលើការបណ្តុះបណ្តាលធនធានមនុស្សលើការងារអភិរក្សបេតិកភណ្ឌវប្បធម៌ ដែលយើងបញ្ជូននិស្សិត ហើយនឹងមន្រី្តទៅធ្វើកម្មសិក្សានៅប្រទេសអេស្ប៉ាញ រយៈពេល៦ខែ សម្រាប់និស្សិត និងមន្រី្ត ចំនួន២សប្តាហ៍ ដើម្បីជាការផ្លាស់ប្តូររៀនសូត្របទពិសោធន៍ពីប្រទេសអេស្ប៉ាញ។ ដោយឡែកខាងប្រទេសអេស្ប៉ាញ និងបញ្ជូនមន្រី្តរបស់ខ្លួន មកធ្វើការបណ្តុះបណ្តាលដល់និស្សិត ក៏ដូចជាមន្រី្តជំនាញនៅតាមស្ថាប័នមួយចំនួន ដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បណ្ឌិត សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ទៀតថា តាមរយៈយន្តការរបស់អាស៊ាន (ដោយសារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានគម្រោងពាក់ព័ន្ធអាស៊ាន ក្នុងវិស័យសិល្បៈវប្បធម៌) គឺសាកលវិទ្យាល័យ បានទទួលមូលនិធិពីអគ្គលេខាធិការដ្ឋានអាស៊ាន ជាថវិកាសម្រាប់អនុវត្តន៍នូវគម្រោងចំនួន០២។ គម្រោងទី១. ការវេញត្របាញ់បញ្ចូលគ្នា នៃសិល្បៈ និងវប្បធម៌ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយគម្រោងនេះនឹងប្រារព្ធឡើងនាខែមេសា ឆ្នាំ២០២២ ដែលមានមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ដើរតួសំខាន់ក្នុងការរៀបចំការសម្តែងសិល្បៈ និងការរៀបចំសិក្ខាសាលា លើគម្រោងនេះ។ គម្រោងទី២. ការចូលរួមសម្តែងសិល្បៈ ក្បាច់របាំរបស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន ដើម្បីចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយរៀបចំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ កិច្ចការទាំងអស់នេះ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទទួលសម្រាប់អនុវត្តន៍គម្រោងនេះ ហើយក៏ជាឱកាសសម្រាប់ជូនដល់និស្សិត បានសិក្សាស្វែងយល់បង្ហាញនូវស្នាដៃទេព្យកោសល្យរបស់ពួកគាត់ និងបានចែករំលែកទៅដល់សិល្បករដែលជាសមាជិករបស់អាស៊ានផងដែរ៕ អត្ថបទ៖ រដ្ឋា
