កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ នៅក្នុងអ្វីដែលក្រុមមន្ត្រីអង្គការណាតូ ពណ៌នាថាជាដំណាក់កាលដំបូងនៃការកសាងរយៈពេលវែង។

នៅពេលត្រូវសាកសួរពីរបាយការណ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២០ ឧសភា) ថា លោកមិនព្រួយបារម្ភអ្វីឡើយពីការបង្កើនយោធារុស្ស៊ីនៅតាមព្រំដែន ដោយនិយាយសំដៅទៅលើហ្វាំងឡង់ និងន័រវែសថា "ពួកគេនឹងមានសុវត្ថិភាពខ្លាំងណាស់"។

ការសាងសង់យោធានេះធ្វើឡើងក្រោយការប្រកាសរបស់រុស្ស៊ី ដែលថាខ្លួននឹងបង្កើនកម្លាំងយោធា និងបង្កើតអង្គភាពថ្មី ជាការឆ្លើយតបទៅនឹងហ្វាំងឡង់ និងស៊ុយអែត ដែលចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ឆ្នាំ២០២២ លើអ៊ុយក្រែន។

រូបភាពផ្កាយរណប បង្ហាញពីឧទ្ធម្ភាគចក្ររុស្ស៊ី នៅឯមូលដ្ឋានក្បែរទីក្រុងអាកទិក Murmansk ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅទីនោះក្នុងពេល ២០ឆ្នាំ រួមជាមួយគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត នេះបើយោងតាមកាសែត NYT។ មូលដ្ឋាននេះចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ពីព្រំដែនហ្វាំងឡង់ និងន័រវេស។
ហ្វាំងឡង់ ដែលឥឡូវនេះជាសមាជិកណាតូមានព្រំដែនវែងជាងគេជាមួយរុស្ស៊ី បានបិទច្រកព្រំដែនដីគោករបស់ខ្លួនជាមួយរុស្ស៊ី ក្នុងខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកំណើនអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលទីក្រុងហែលស៊ិនគី បានស្តីបន្ទោសទៅលើវិមានក្រឹមឡាំង។ មន្ត្រីការពារជាតិហ្វាំងឡង់បារម្ភថា រុស្ស៊ីអាចបង្កើនវត្តមានកងទ័ពខ្លួន ៣ដង នៅជិតព្រំដែនរួមរបស់ពួកគេក្នុងពេល ៥ឆ្នាំខាងមុខ នៅពេលដែលការប្រយុទ្ធគ្នានៅអ៊ុយក្រែន បានថយចុះ៕
