ខណៈដែលកំណើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចានុយក្លេអ៊ែរ ប្រភពអ៊ីរ៉ង់ចំនួន៣ បាននិយាយកាលពីថ្ងៃអង្គារ (២០ ឧសភា) ថា ថ្នាក់ដឹកនាំសារធារណរដ្ឋអ៊ិស្លាមមួយនេះ ពុំមានផែនការបម្រុងច្បាស់លាស់ទេ ប្រសិនបើកិច្ចប្រឹងប្រែងដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏រ៉ាំរ៉ៃមួយទសវត្សរ៍នោះដួលរលំ។

ប្រភពនិយាយថា ជាមួយនឹងកិច្ចចរចាជុំវិញការប៉ះទង្គិចគ្នាលើបន្ទាត់ក្រហម អ៊ីរ៉ង់អាចនឹងងាកទៅរកចិន និងរុស្ស៊ី ថាជា "ផែនការ B" របស់ខ្លួន ប៉ុន្តែជាមួយនឹងសង្គ្រាមពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ទល់នឹងក្រុងវ៉ាស៊ីនតោន ហើយទីក្រុងមូស្គូ ត្រូវបានរំខានជាមួយនឹងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ផែនការបម្រុងទុករបស់ទីក្រុងតេអេរ៉ង់ មួយនោះហាក់ដូចជារង្គោះរង្គើ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់និយាយថា "ផែនការ B គឺបន្តយុទ្ធសាស្រ្តមុនពេលចាប់ផ្តើមចរចា ដោយអ៊ីរ៉ង់ នឹងជៀសវាងបង្កើនភាពតានតឹង ហើយត្រៀមការពារខ្លួន ខណៈក៏រួមបញ្ចូលទាំងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដូចជារុស្ស៊ី និងចិនផងដែរ"។

បន្ទាប់ពីកិច្ចចរចា ៤ជុំ ដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មនោះ ឧបសគ្គជាច្រើននៅតែមាន។ អាមេរិក និយាយរួចហើយថា ការបង្កើនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមគឺជាបន្ទាត់ក្រហមរបស់ខ្លួន ប៉ុន្តែអ៊ីរ៉ង តបទៅវិញថា រឿងនោះមិនអាចបញ្ឈប់បានឡើយ ដែលជាចំណុចប៉ះទង្គិចជាក់ស្ដែង។
ជាមួយនឹងការរស់ឡើងវិញនៃយុទ្ធនាការ "សម្ពាធអតិបរមា" របស់អាមេរិកលើទីក្រុងតេអេរ៉ង់ ចាប់តាំងពីខែកុម្ភៈមក រួមទាំងការរឹតបន្តឹងទណ្ឌកម្ម និងការគំរាមផ្នែកយោធា ប្រភពនិយាយថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ "ពុំមានជម្រើសល្អអ្វី" ជាងការធ្វើកិច្ចព្រមព្រៀងថ្មីដើម្បីបញ្ចៀសភាពវឹកវរផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលអាចគំរាមកំហែងដល់ការគ្រប់គ្រងរបស់ខ្លួននោះទេ៕