តម្លៃប្រេងបានកើនឡើងច្រើនជាង ១% នាថ្ងៃពុធ (២១ ឧសភា) នេះ បន្ទាប់ពីមានរបាយការណ៍ថា អ៊ីស្រាអែល កំពុងរៀបចំការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយបង្កើនការភ័យខ្លាចថា ជម្លោះនេះអាចរំខានដល់ការផ្គត់ផ្គង់នៅក្នុងតំបន់ផលិតនៅមជ្ឈិមបូព៌ាដ៏សំខាន់។

ហ៊ុនប្រេងឆៅ Brent សម្រាប់ខែកក្កដាខាងមុខ បានកើនឡើង ៩៧សេន ឬ ១,៥% ដល់ ៦៦,៣៥ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោងសកល ០៣:៣០ព្រឹកព្រលឹមថ្ងៃពុធ ហើយហ៊ុនប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក សម្រាប់ខែកក្កដា ក៏បានកើនឡើង ៩៦សេន ឬ ១,៦% ដល់ ៦២,៩៩ដុល្លារ។ កិច្ចសន្យា WTI ខែមិថុនា បានផុតកំណត់នៅថ្ងៃអង្គារម្សិលមិញនេះ ក្នុងតម្លៃ ៦២,៥៦ដុល្លារ។

ការឡើងថ្លៃនេះ បានកើតឡើងបន្ទាប់ពីសារព័ត៌មាន CNN រាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីមន្ត្រីអាមេរិកជាច្រើននាក់ថា ការស៊ើបការណ៍ចារកម្មសម្ងាត់ថ្មី ដែលទទួលបានដោយសហរដ្ឋអាមេរិក បង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

CNN បានបន្ថែមថា គេមិនច្បាស់ឡើយថាតើមេដឹកនាំអ៊ីស្រាអែល បានធ្វើការសម្រេចចិត្តចុងក្រោយរួចហើយ ឬយ៉ាងណាទេ។ អ៊ីរ៉ង់ គឺជាប្រទេសផលិតប្រេងធំទីបីក្នុងចំណោមសមាជិកនៃអង្គការប្រទេសនាំចេញប្រេង OPEC ហើយការវាយប្រហាររបស់អ៊ីស្រាអែល អាចនឹងបង្កការរំខានដល់លំហូរចេញពីប្រទេសនេះ៕