សមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ បានចោទគ្នាទៅវិញទៅមក នៅក្នុងកិច្ចប្រជុំមួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រទេសមួយចំនួនបានអះអាងថា ការរំលោភសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលរបស់ប្រទេសនេះ។

កាលពីថ្ងៃអង្គារ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កិច្ចប្រជុំពេញអង្គត្រូវបានធ្វើឡើងដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្ស និងការបំពានផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងជើង។ ស្ត្រីរត់ចោលស្រុកពីរនាក់មកពីប្រទេសនេះ ត្រូវបានកោះហៅមកធ្វើជាសាក្សី។ ស្ត្រីទាំងពីរនាក់ បានឡើងទៅលើវេទិកានៅដើមដំបូងនៃកិច្ចប្រជុំ ហើយបានចែករំលែកបទពិសោធន៍របស់ពួកគេ។

ស្ត្រីម្នាក់បាននិយាយថា វាជូចត់ខ្លាំងដែលត្រូវបានគេបាញ់នៅពេលឆ្លងទឹកទន្លេ Tumen ជាងការអត់អាហារនៅកូរ៉េខាងជើងទៅទៀត។ អ្នករត់ចោលស្រុកម្នាក់ទៀតនិយាយថា យុវជនវ័យក្មេងត្រូវបានគេប្រហារជីវិតនៅក្នុងប្រទេស ដោយសារតែការលួចមើលរឿងល្ខោនរបស់កូរ៉េខាងត្បូង។ ស្ត្រីទាំងពីរនាក់ និយាយថាភាពស្ងៀមស្ងាត់គឺជាការសមគំនិត ហើយពួកគេបានជំរុញឱ្យរដ្ឋសមាជិកមានចំណាត់ការ។
សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមសមាជិកដែលបានរិះគន់ប្រទេសកូរ៉េខាងជើង។ ប្រទេសនេះបាននិយាយថា អាវុធនុយក្លេអ៊ែរខុសច្បាប់ និងកម្មវិធីមីស៊ីលបាលីស្ទីកនៅក្នុងប្រទេសកូរ៉េខាងជើង «ជាប់ពាក់ព័ន្ធដោយមិនអាចបំបែកពីគ្នាបានទៅនឹងការរំលោភសិទ្ធិមនុស្សរបស់របបនេះ» ហើយសកម្មភាពរបស់កូរ៉េខាងជើង បានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក។