ពាក់កណ្តាលនៃអ្នកបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង គឺជាស្ត្រី ប៉ុន្តែនៅលើសន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បេក្ខជនទាំងអស់ គឺសុទ្ធតែជាបុរស ដោយនេះជាលើកដំបូងហើយ ក្នុងរយៈពេលជិត ២ទសវត្សរ៍។

យោងតាមគេហទំព័រផ្លូវការរបស់សារមន្ទីរប្រវត្តិសាស្ត្រ សម្រាប់ការបោះឆ្នោតតាមអ៊ីនធឺណិតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា អវត្ដមាននៃបេក្ខជនប្រកួតប្រជែងជាស្ត្រី ធ្វើឲ្យសន្លឹកឆ្នោតមានសុទ្ធតែបុរសជាលើកទី១ គិតចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៧ ដែលនៅឆ្នាំនោះបេក្ខជនទាំង ១២រូប គឺជាបុរសទាំងអស់។

តំណាងឲ្យស្ត្រីបានឡើងដល់កម្រិតកំពូល ក្នុងការបោះឆ្នោតឆ្នាំ២០១២ ជាពេលដែលអតីតប្រធានាធិបតី លោកស្រី Park Geun-hye ដែលពេលនោះជាមេដឹកនាំគណបក្ស Saenuri ដែលសព្វថ្ងៃ គឺគណបក្សអំណាចប្រជាជន (PPP) បានជាប់ឆ្នោតជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេស។
តែការចូលរួមរបស់ស្ត្រីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បានធ្លាក់ចុះ ចាប់តាំងពីមានការបញ្ចប់តួនាទីរបស់លោកស្រី Park តាមរយៈការចោទប្រកាន់ទម្លាក់តំណែង កាលពីខែមីនា ឆ្នាំ២០១៧ អំឡុងពេលមានសំណុំរឿងពុករលួយដ៏ល្បីល្បាញមួយ។
កាលពីការបោះឆ្នោតឆ្នាំ២០២២ ដែលមានបេក្ខជនចំនួន ១៤រូប មានតែស្ត្រី ២រូបប៉ុណ្ណោះដែលបានឈរឈ្មោះប្រកួតប្រជែង។ ហើយនៅពេលដែលការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៣ ខែមិថុនា ខិតជិតមកដល់ ដោយគ្មានបេក្ខជនជាស្ត្រី ស្ត្រីកាន់តែច្រើនឡើងៗ បានសម្តែងការខកចិត្តតាមប្រព័ន្ធអ៊ីនធឺណិត។ ស្ត្រីម្នាក់បានសរសេរនៅលើប្លុកឈ្មោះ Naver របស់ខ្លួនថា៖ «មានអារម្មណ៍ថា ប្រជាធិបតេយ្យ កំពុងដើរថយក្រោយ។ ខ្ញុំកំពុងងឿងឆ្ងល់ថា តើយើងនឹងអាចឃើញគោលនយោបាយដ៏មានន័យ សម្រាប់ស្ត្រីទៀតទេ»។
នៅក្នុងផ្នែកនីតិបញ្ញត្តិ ស្ត្រីមាន ៦១អាសនៈ ក្នុងចំណោម ៣០០អាសនៈ នៅក្នុងរដ្ឋសភាឯកបក្ស ដែលតំណាងឲ្យត្រឹមតែ ២០,៣ភាគរយនៃចំនួនសរុប។ តួរលេខនេះបាននៅក្រោមកម្រិតមធ្យមភាគ ៣៤,១ភាគរយរបស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលដាក់ប្រទេសកូរ៉េខាងត្បូងជាប់លេខទី៣៥ ក្នុងចំណោមប្រទេសសមាជិកទាំង៣៨៕