អ្នកនាំពាក្យមួយរូប កាលពីថ្ងៃអង្គារ (ទី២០ ខែឧសភា) បាននិយាយថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden មិនបានទទួលការធ្វើតេស្តរកជំងឺមហារីកក្រពេញប្រូស្តាត ឬហៅថា PSA អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ មុនពេលរូបលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះកម្រិតធ្ងន់ធ្ងរ កាលពីសប្តាហ៍មុន។
ការអត្ថាធិប្បាយចុងក្រោយបង្អស់ពីគណបក្សរបស់អតីតប្រធានាធិបតីប្រជាធិបតេយ្យ បានកើតឡើងចំពេលមានសំណួរពីក្រុមសាធារណរដ្ឋ និងអ្នកជំនាញផ្នែកសុខភាពមួយចំនួន អំពីមូលហេតុដែលជំងឺមហារីករបស់លោកមិនត្រូវបានរកឃើញ មុនពេលឈានដល់ដំណាក់កាលកម្រិតខ្ពស់នេះ។
លោក Biden វ័យ ៨២ឆ្នាំ ក៏បានប្រឈមនឹងការសួរសំណួរពីគ្រប់ទិសទី អំពីថា តើលោក និងសម្ព័ន្ធមិត្តរបស់លោក បានលាក់ទុកព័ត៌មានសំខាន់ៗមិនឲ្យសាធារណជនអាមេរិកដឹង អំពីសមត្ថភាពរបស់លោក ពេលបំពេញតួនាទី នៅសេតវិមានដែរ ឬទេ។

សៀវភៅថ្មី ដែលមានចំណងជើងថា Original Sin រៀបរាប់ពីការមានកង្វល់កាន់តែខ្លាំងឡើងៗរបស់ជំនួយការ អំពីបញ្ហាផ្លូវចិត្តរបស់លោក Biden នៅពេលដែលលោកបានប្រឹងប្រែងឲ្យបានជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០២៤។ កាលពីថ្ងៃទី២០ ខែឧសភា អ្នកនាំពាក្យរបស់លោក Biden បាននិយាយថា៖ «PSA ដែលត្រូវបានដឹងចុងក្រោយរបស់លោកប្រធានាធិបតី Biden គឺនៅក្នុងឆ្នាំ២០១៤។ នៅមុនថ្ងៃសុក្រ លោកប្រធានាធិបតី Biden មិនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញប្រូស្តាតនោះឡើយ»។
ការធ្វើតេស្ត PSA ឬការធ្វើតេស្តអង់ទីហ្សែនជាក់លាក់នៃក្រពេញប្រូស្តាត គឺជាការធ្វើតេស្តឈាមដែលត្រូវបានប្រើប្រាស់ ដើម្បីពិនិត្យរកមើលជំងឺមហារីកក្រពេញប្រូស្តាត។ អ្នកជំនាញផ្នែកសុខភាពមួយចំនួន ដែលត្រូវបានពិគ្រោះយោបល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានសម្តែងការភ្ញាក់ផ្អើល ចំពោះការធ្វើរោគវិនិច្ឆ័យនេះ ដោយសារជំងឺមហារីកក្រពេញប្រូស្តាតភាគច្រើន ត្រូវបានរកឃើញនៅដំណាក់កាលដំបូង ហើយថា គ្រប់ប្រធានាធិបតីឆ្លងកាត់ការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់។
តែជាយ៉ាងណាក្ដី អ្នកផ្សេងទៀតបានលើកឡើងថា វាគឺជារឿងធម្មតា ក្នុងការបញ្ឈប់ការធ្វើតេស្តរកជំងឺមហារីកក្រពេញប្រូស្តាត ចំពោះអ្នកជំងឺវ័យចំណាស់ ពីព្រោះការធ្វើតេស្តនេះ មិនសូវទទួលបានភាពច្បាស់លាស់ ក្នុងក្រុមមនុស្សវ័យនោះឡើយ។ មហារីកក្រពេញប្រូស្តាតមានអត្រារស់រានមានជីវិតខ្ពស់ជាងមហារីកដទៃទៀត៕
