តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២០ ខែឧសភា) ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មាន Anadolu បេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឲ្យដឹងថា ប្រទេសចិនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥០០លានដុល្លារដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
បេសកកម្មនេះបានបញ្ជាក់ថា ការផ្តល់មូលនិធិ សម្រាប់ទីភ្នាក់ងាររបស់ UN មួយនេះ នឹងរួមបញ្ចូល «ការបង្កើននូវវិភាគទានដែលត្រូវបានវាយតម្លៃ ចំនួនទឹកប្រាក់ជាក់លាក់នៃការបរិច្ចាគដោយស្ម័គ្រចិត្ត និងការគាំទ្រគម្រោងតាមរយៈមូលនិធិអភិវឌ្ឍន៍សកល និងមូលនិធិសហប្រតិបត្តិការខាងត្បូង-ខាងត្បូង»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «ប្រទេសចិនតែងតែគាំទ្រ WHO ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈអន្តរជាតិ និងពង្រឹងអភិបាលកិច្ចសុខភាពសកល»។
បេសកកម្មនេះបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ពិតប្រាកដនៃមូលនិធិដែលត្រូវបានសន្យាផ្ដល់ជូននេះ «នឹងត្រូវបានយល់ព្រមដោយភាគីទាំង២» ដោយបន្ថែមថា ប្រទេសចិនកំពុង «ទន្ទឹងរង់ចាំធ្វើការជាមួយ WHO ដើម្បីស្វែងរកបន្ថែមទៀតនូវយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ជំនួយហិរញ្ញវត្ថុ»។
គួរបញ្ជាក់ថា សេចក្តីប្រកាសនេះកើតមានឡើងចំពេលដែល WHO កំពុងប្រឈមនឹងបញ្ហាផ្តល់មូលនិធិ បន្ទាប់ពីការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការនេះ និងកាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដែលធ្វើឲ្យវាក្លាយជាការវិវត្តគួរឲ្យកត់សម្គាល់ នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះ៕
