ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ធ្វើដំណើរទៅកាន់សេតវិមាន នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ ជាបេសកកម្មដ៏ធ្ងន់ធ្ងរមួយ ដែលត្រូវបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសរបស់លោក ជាជាងរិះគន់ និងដាក់ទណ្ឌកម្ម ដូចដែលលោកបានធ្វើ ចាប់តាំងពីដើមដំបូងនៃអាណត្តិទី២ របស់លោក។
ដោយវាយប្រហារលើច្បាប់កំណែទម្រង់ដីធ្លីរបស់អាហ្វ្រិកខាងត្បូង ក្នុងគោលបំណងដោះស្រាយភាពអយុត្តិធម៌នៃការបែងចែកជាតិសាសន៍ និងសំណុំរឿងតុលាការប្រល័យពូជសាសន៍ ប្រឆាំងនឹងអ៊ីស្រាអែល លោក Trump បានលុបចោលជំនួយដល់ប្រទេសនេះ បណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ និងផ្តល់កន្លែងជ្រកកោនដល់ជនជាតិភាគតិចស្បែកស Afrikaners ដោយផ្អែកលើការអះអាងពីការរើសអើងពូជសាសន៍ ដែលទីក្រុង Pretoria និយាយថា ជាការលើកឡើងដោយគ្មានមូលដ្ឋាន។

ការិយាល័យរបស់លោក Ramaphosa បាននិយាយនៅមុនកិច្ចប្រជុំរបស់លោកជាមួយលោក Trump ថា «ដំណើរទស្សនកិច្ចនេះនឹងផ្តោតជាពិសេសលើការកែទម្រង់ទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងពាណិជ្ជកម្ម»។
យ៉ាងណាក្ដី ហានិភ័យ មានកម្រិតខ្ពស់ សម្រាប់អាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រទេសនេះ បន្ទាប់ពីប្រទេសចិន ហើយការកាត់បន្ថយជំនួយ បានបណ្តាលឲ្យមានការធ្លាក់ចុះនូវការធ្វើតេស្តរកអ្នកផ្ទុកមេរោគអេដស៍ ដោយស្ត្រីមានផ្ទៃពោះ យុវជន និងទារករងផលប៉ះពាល់ខ្លាំងបំផុតជាងគេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ថា លោក Ramaphosa នឹងស្នើផ្តល់ជូនលោក Trump នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយ តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមឡើយ៕
