ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា តួលេខនេះ មានន័យថា ស្ត្រីម្នាក់និងក្មេងស្រីម្នាក់ជាមធ្យម ត្រូវបានសម្លាប់រៀងរាល់ម៉ោង នៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនេះ បាននិយាយថា ក្នុងចំណោមអ្នកស្លាប់នោះ រាប់ពាន់នាក់ គឺជាម្តាយ ដោយបន្សល់ទុកកុមារតូចៗ គ្រួសារ និងសហគមន៍ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយបានបញ្ជាក់ថា តួលេខនេះ បង្ហាញពីចំនួនមនុស្សស្លាប់ដោយសារជម្លោះ ហើយជីវិត និងអនាគត បានបាត់បង់ ក្នុងពេលដ៏ឆាប់បំផុត។
ទីភ្នាក់ងារនេះ បាននិយាយថា ចាប់តាំងពីបទឈប់បាញ់ បានដួលរលំនៅក្នុងខែមីនា លក្ខខណ្ឌកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដែលរួមផ្សំដោយការបិទជិត ៩សប្តាហ៍ ដែលកំពុងបន្តលើជំនួយមនុស្សធម៌។
ទីភ្នាក់ងារ UN បានបន្តថា ប្រជាជនទាំងអស់នៅតំបន់ហ្កាហ្សា កំពុងអស់យ៉ាងឆាប់រហ័សនូវស្បៀងអាហារ និងការផ្គត់ផ្គង់សំខាន់ៗ ជាមួយនឹងការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលមានន័យថា ស្ត្រី និងក្មេងស្រីគ្រប់រូប កំពុងប្រឈមមុខនឹងកម្រិតនៃភាពស្រេកឃ្លានដ៏មហន្តរាយ។ ពួកគេបានជាប់គាំង ប្រឈមមុខនឹងការផ្លាស់ទីលំនៅ ការកើនឡើងអត្រាមរណភាពមាតា និងកង្វះដ៏ធ្ងន់ធ្ងរនៃយន្តការការពារ និងសុវត្ថិ ភាព។
