រុស្ស៊ី៖ លោកប្រធានាធិបតី Joe Biden ប្រហែលជាមានសម្ព័ន្ធភាពប្រជាធិបតេយ្យរបស់លោក ប៉ុន្តែកិច្ចប្រជុំកំពូលតាមវីដេអូកាលពីថ្ងៃពុធរវាងរុស្ស៊ី និងចិនបានគូសបញ្ជាក់ថា មហាអំណាចទាំង២ នៅតែមានទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅមក។ លោកប្រធានាធិបតីចិន Xi Jinping ដែលកំពុងប្រឈមនឹងការធ្វើពហិការការទូត ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវរងានេះពីលោក Biden និងប្រទេសផ្សេងទៀត បានទទួលការធានាការសន្យាជាសាធារណៈពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា លោកនឹងចូលរួមជាមេដឹកនាំជាតិដំបូងគេដែលធ្វើដូច្នេះ។
លោក Putin ដែលកំពុងប្រឈមនឹងការគំរាមកំហែងលើការដាក់ទណ្ឌកម្មពីលោកខាងលិច ប្រសិនបើកងកម្លាំងរុស្ស៊ីវាយប្រហារអ៊ុយក្រែន បានឮលោក Xi ស្នើឱ្យរុស្ស៊ី និងចិនសហការគ្នា "ការពារផលប្រយោជន៍សន្តិសុខរបស់ភាគីទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនទៀត។ យោងតាមលោក Xi សន្និសីទតាមវីដេអូរវាងលោក Xi និងលោក Putin កាលពីថ្ងៃពុធជាលើកទី៣៧ ដែលបុរសខ្លាំងទាំងពីរបានជួបគ្នាចាប់តាំងពីឆ្នាំ២០១៣ មកគឺជាការបង្ហាញពីសាមគ្គីភាពរវាងមេដឹកនាំទាំងពីរ ដែលកំពុងតតាំងនឹងសម្ពាធពីបស្ចិមប្រទេស និងការបង្ហាញពីប្រភេទនៃផលប្រយោជន៍ទៅវិញទៅមក និងភាពជាដៃគូកាន់តែរឹងមាំរបស់មេដឹកនាំទាំង២ កំពុងបង្កើតឡើង។ យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន លោក Xi បានប្រាប់លោក Putin ថា យើងគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសនីមួយៗ៕
អត្ថបទ៖ សុខមាន