រដ្ឋាភិបាលអ៊ីស្រាអែល និងមេដឹកនាំបក្សប្រឆាំងកាលពីថ្ងៃអង្គារ បានថ្កោលទោសអ្នកនយោបាយឆ្វេងនិយមលោក Yair Golan បន្ទាប់ពីលោក បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុថា «ប្រទេសដ៏មានហេតុផលត្រឹមត្រូវមួយនេះ មិនសម្លាប់ទារក ដើម្បីបន្ធូរអារម្មណ៍ទេ។

លោក Golan ប្រធានគណបក្សប្រជាធិបតេយ្យរបស់អ៊ីស្រាអែល បាននិយាយថា៖«ប្រទេសអ៊ីស្រាអែលកំពុងដើរលើផ្លូវ ដើម្បីក្លាយជារដ្ឋឯកោ ក្នុងចំណោមប្រទេសនានា ដូចជាប្រទេសអាហ្វ្រិកខាងត្បូងពីសម័យដើម ប្រសិនបើប្រទេសនេះ មិនវិលទៅរកអាកប្បកិរិយាដូចប្រទេសដែលមានដ៏មានហេតុផលត្រឹមត្រូវវិញនោះទេ»។
លោកបានប្រាប់វិទ្យុសាធារណៈ Kan របស់អ៊ីស្រាអែលថា៖«ប្រទេសដែលមានសុភវិនិច្ឆ័យ មិនធ្វើសង្គ្រាមជាមួយជនស៊ីវិល មិនសម្លាប់ទារកសម្រាប់ការបន្ធូរអារម្មណ៍ ហើយមិនកំណត់គោលដៅពាក់ព័ន្ធនឹងការ បណ្តេញប្រជាជននោះទេ។
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចោទប្រកាន់លោក Golan ដែលជាអតីតឧត្តមសេនីយ៍ឯកក្នុងជួរកងទ័ពថា បាន«ញុះញង់យ៉ាងព្រៃផ្សៃ» ប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល និងជំរុញឲ្យមាន«ការប្រមាថដែលគួរឲ្យស្អប់ខ្ពើមប្រឆាំងនឹង(កងទ័ពអ៊ីស្រាអែល)និងរដ្ឋអ៊ីស្រាអែល»។
