ប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានព្រមព្រៀងធ្វើឲ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចប់ជម្លោះបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើនជាមួយឥណ្ឌា ដែលទីក្រុងប៉េកាំងបានជំរុញថា គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា។
គូប្រជែងដ៏ស្រួចស្រាល់ ឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាឈានដល់បទឈប់បាញ់ កាលពីថ្ងៃទី១០ ខែឧសភា បន្ទាប់ពីបានប្រយុទ្ធគ្នារយៈពេល ៤ថ្ងៃ ជាហេតុការណ៍អាក្រក់បំផុតក្នុងរយៈពេលជិត ៣ទសវត្សរ៍។ ភាពតានតឹងបានឡើងកម្ដៅកាន់តែខ្លាំងៗ រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ បន្ទាប់ពីមានការវាយប្រហារនៅតំបន់កាស្មៀររបស់ឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារនេះ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានជួបសមភាគីលោក Wang Yi ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ (ទី២០ ខែឧសភា)។ ក្នុងជំនួប នាថ្ងៃអង្គារនោះ លោក Wang បាននិយាយថា ប្រទេសចិនស្វាគមន៍ និងគាំទ្រកិច្ចប្រឹងប្រែងរបស់ប៉ាគីស្ថាន និងឥណ្ឌា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ប្រទេសទាំង២ តាមរយៈការសន្ទនា និងដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង។
ហើយបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang បានបញ្ជាក់ប្រាប់លោក Dar បន្ថែមថា ប្រទេសចិននឹងគាំទ្រប៉ាគីស្ថាន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។
ចំណែកក្រសួងការបរទេសប៉ាគីស្ថាន បានឲ្យដឹងថា ក្រៅពីបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ប្រទេសទាំង២ បានព្រមព្រៀងគ្នា ដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ឧស្សាហូបនីយកម្ម និងវិស័យផ្សេងៗទៀត៕
