ភ្នំពេញ៖ ទីបំផុតទៅ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនកុមារនិងយុវវ័យ ដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើតភាពសាំបន្ថែមទៀតនៅក្នុងសហគមន៍។
មួយថ្ងៃបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចអនុញ្ញាតចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ក្រោម១៨ឆ្នាំ ដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០២២តទៅ អាណាព្យាបាល និងកុមារត្រូវចាក់វ៉ាក់សាំងដូសទី៣ បានសំដែងការពេញចិត្តជាខ្លាំង។ ពួកគាត់បានប្រាប់BTVនៅថ្ងៃទី១៦ខែឆ្នូនេះ យ៉ាងដូច្នេះថា ការចាក់វ៉ាក់សាំងដូសទី៣ គឺអាចការពារជំងឺកូវីដ-១៩បន្ថែមទៀត ខណៈកូនៗចូលសាលារៀនវិញ។ ក្រៅពីនេះ ពួកគាត់បានអគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែងគិតគូរពីសុខុមាភាពប្រជាជន។
មានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ខែធ្នូម្សិលមិញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យ អាយុពី១២ដល់ក្រោម១៨ឆ្នាំ គឺដើម្បីបង្កើតភាពសុំាបន្ថែមទៀតនៅក្នុងសហគមន៍ ខណៈកម្ពុជាបានបើកសាលារៀនឡើងវិញដោយរលូន។ សម្តេចតេជោបញ្ជាក់ថា វត្តមានវ៉ាក់សាំងកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងរក ដើម្បីចាក់ជូនប្រជាជន គឺបានទប់ស្កាត់ការស្លាប់គរជើងគ្នា ដែលបង្កឡើងដោយសារជំងឺកូវីដ១៩ ខណៈបណ្តាប្រទេសមួយចំនួន មានប្រជាជនស្លាប់ជាច្រើន។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ជូនដល់កុមារ និងយុវវ័យ អាយុពី១២ ក្រោម១៨ឆ្នាំ ចាប់ដំណើរការអនុវត្តតាំងពីថ្ងៃទី១ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយរាជរដ្ឋាភិបាលប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក ផ្តើមចេញពីរាជធានីភ្នំពេញមុនគេ។ ហើយដំណើការចាក់វ៉ាក់សាំងដូសទី៣ ក៏ត្រូវប្រើប្រាស់យុទ្ធផ្ការីកនេះ ដូចគ្នាផងដែរ។
បើតាមរបាយការណ៍របស់រាជរដ្ឋាភិបាល កុមារ និងយុវវ័យ ដែលមានអាយុពី១២ឆ្នាំក្រោម១៨ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា មានចំនួនជាង២លាននាក់ ដែលក្នុងនោះមានជាង២៣ម៉ឺននាក់រស់នៅរាជធានីភ្នំពេញ។ អត្ថបទ៖ទូច សោភ័ណ