យោធាប៉ាគីស្ថាន និយាយថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមានគោលដៅលើរថយន្តក្រុងដឹកសិស្សសាលានៅស្រុក Khuzdar ខេត្តភាគនិរតី Balochistan របស់ប្រទេសប៉ាគីស្ថាន ។

លោក Yasir Iqbal Dashti គឺជាមន្រ្តីយោធាមួយរូបនៅស្រុក Khuzdar និយាយថា មនុស្សយ៉ាងហោច ៣៨នាក់ បានរងរបួសនៅក្នុងការវាយប្រហារនាថ្ងៃពុធនេះ ។
លោកបាននិយាយប្រាប់កាសែត Al Jazeera ថា រថយន្តដឹកសិស្សសាលានេះជាកម្មសិទ្ធិរបស់សាលារៀនឯកជនកងទ័ព ពេលដែលរថយន្តដឹកក្មេងៗនៅពេលព្រឹក ពេលដែលវារងការវាយប្រហារដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត ។
នៅក្នុងសេចក្តីថ្លែងការណ៍ យោធាប៉ាគីស្ថាន បានថ្កោលទោសអំពើហិង្សានេះ និងបានចោទប្រកាន់ក្រុមភេរវកម្មឥណ្ឌាថាបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ប៉ុន្តែពួកគេពុំបានផ្តល់ភស្តុតាងគាំទ្រអំណះអំណាងរបស់ពួកគេនោះឡើយ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានធ្វើការថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការវាយប្រហាររបស់ក្រុមភេរវកម្មដែលធ្វើការក្រោមបរិបាលភាពឥណ្ឌា ។
លោក Sharif បានសម្តែងការអាណិតអាសូរដល់ក្រុមគ្រួសារអ្នកដែលត្រូវបានសម្លាប់ដោយសារអំពើឃោឃៅនេះ ។
នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីទីក្រុងញូវដែល្លី ៕
