ប្រទេសអ៊ុយក្រែន នៅសប្តាហ៍ក្រោយ នឹងស្នើឲ្យសហភាពអឺរ៉ុប (EU) ពិចារណាជំហានធំៗថ្មី ដើម្បីដាក់ទីក្រុងមូស្គូឲ្យនៅដាច់ពីគេ ក្នុងនោះរួមទាំងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី និងដាក់ចេញទណ្ឌកម្ម ចំពោះអ្នកទិញប្រេងរុស្ស៊ីមួយចំនួនផងដែរ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានងាកចេញពីវិធានការរឹតបន្តឹងទណ្ឌកម្ម។
សៀវភៅសរបស់អ៊ុយក្រែនដែលមិនត្រូវបានរាយការណ៍ឲ្យដឹងនៅមុននេះ នឹងត្រូវបង្ហាញដល់ EU នោះ បានអំពាវនាវឲ្យប្លុកដែលមានសមាជិកទាំង ២៧ប្រទេស មានជំហរកាន់តែរឹងមាំ និងឯករាជ្យ ជុំវិញការដាក់ទណ្ឌកម្ម ខណៈដែលតួនាទីនាពេលអនាគតរបស់ក្រុងវ៉ាស៊ីនតោន កាន់តែមានភាពមិនច្បាស់លាស់។

ក្នុងចំណោម ៤០ទំព័រនៃអនុសាសន៍នានា គឺមានការអំពាវនាវឲ្យអនុម័តច្បាប់ដែលនឹងពន្លឿនដល់វិធានការរបស់ EU ក្នុងការរឹបអូសទ្រព្យសម្បត្តិពីបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម ហើយបញ្ជូនទ្រព្យសម្បត្តិទាំងនោះទៅអ៊ុយក្រែន។ ហើយអ្នកដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម អាចស្វែងរកសំណងពីរុស្ស៊ី។
EU គួរតែពិចារណាលើវិធានការជាច្រើន ដើម្បីធ្វើឲ្យការអនុវត្តទណ្ឌកម្មរបស់ខ្លួនកាន់តែមានភាពខ្លាំងក្លាលើសពីព្រំដែនរបស់ខ្លួន ក្នុងនោះរួមទាំងការកំណត់គោលដៅលើក្រុមហ៊ុនបរទេសដែលប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីជួយរុស្ស៊ី និង «ការដាក់ចេញទណ្ឌកម្មបន្ថែមលើអ្នកទិញប្រេងរុស្ស៊ី»។
ទណ្ឌកម្មបន្ថែមបែបនេះ ដែលអាចប៉ះពាល់ដល់អ្នកទិញធំៗ ដូចជាឥណ្ឌា និងចិន នឹងក្លាយជាជំហានដ៏សំខាន់ដែលអឺរ៉ុប រហូតមកដល់ពេលនេះ មានការស្ទាក់ស្ទើរ ក្នុងការអនុវត្ត។ លោក Trump បានពិភាក្សាជាសាធារណៈ អំពីរឿងនេះ មុនពេលសម្រេចចិត្តមិនចាត់វិធានការ នាពេលនេះ។
ជាមួយគ្នានេះ សៀវភៅសក៏អំពាវនាវឲ្យ EU ពិចារណាប្រើប្រាស់ច្បាប់បោះឆ្នោតសំឡេងភាគច្រើន ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ដើម្បីការពារកុំឲ្យរដ្ឋសមាជិកនីមួយៗរារាំងវិធានការដែលតម្រូវឲ្យមានការឯកភាពគ្នា៕
