នគរបាលបានប្រាប់ឲ្យដឹងថា កងកុម្មង់ដូឥណ្ឌា បានបាញ់សម្លាប់សមាជិកក្រុមឧទ្ទាមម៉ៅនិយមយ៉ាងហោចណាស់ ២៥នាក់ នៅភាគកណ្តាលប្រទេសឥណ្ឌា នាថ្ងៃពុធ (ទី២១ ខែឧសភា) នេះ ខណៈដែលកងកម្លាំងសន្តិសុខបង្កើនកិច្ចប្រឹងប្រែងលុបបំបាត់ជម្លោះដ៏រ៉ាំរ៉ៃនេះ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងធ្វើប្រតិបត្តិការវាយលុកពេញបន្ទុក លើផ្នែកនៅសេសសល់ចុងក្រោយនៃក្រុមបះបោរ Naxalite ដែលដាក់ឈ្មោះតាមភូមិនៅតំបន់ជើងភ្នំហិមាល័យ ជាចលនាទ័ពព្រៃដែលបំផុសគំនិតដោយលទ្ធិម៉ៅនិយម បានចាប់ផ្តើមកើតមានកាលពីជិត ៦ទសវត្សរ៍មុន។

មន្ត្រីនគរបាលជាន់ខ្ពស់រដ្ឋ Chhattisgarh លោក Vivekanand Sinha បានប្រាប់សារព័ត៌មាន AFP ថា៖ «ក្រុមម៉ៅនិយមជាង ២៥នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នាមួយ»។
អគ្គិភ័យបានឆាបឆេះឡើងយ៉ាងជ្រៅនៅព្រៃមួយ ក្នុងតំបន់ Narayanpur របស់រដ្ឋ Chhattisgarh ជាតំបន់ដាច់ស្រយាល និងមានព្រៃឈើក្រាស់ ដែលបានក្លាយជាបន្ទាយរបស់ក្រុមម៉ៅនិយមជាយូរមកហើយ។
លោក Sinha បាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើង បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ចារកម្មបង្ហាញពីវត្តមានរបស់ «មេដឹកនាំជាន់ខ្ពស់របស់ក្រុមម៉ៅនិយម» នៅក្នុងតំបន់នេះ។ ប៉ុន្តែលោកបានប្រាប់ថា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើនរណាជាអ្នកស្លាប់ពិតប្រាកដនោះ។ លោក Sinha បានបញ្ជាក់ថា “«សពមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានលើកឡើងថា រដ្ឋាភិបាលមានការប្តេជ្ញាចិត្ត ក្នុងការ «កម្ចាត់ក្រុមបះបោរនេះឲ្យអស់» ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
នៅដើមខែឧសភានេះ នគរបាលបានប្រាប់ថា ពួកគេបានសម្លាប់សមាជិកក្រុមឧទ្ទាមម៉ៅនិយមចំនួន ៣១នាក់ អំឡុងប្រតិបត្តិការរយៈពេល ៣សប្តាហ៍ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងដណ្តើមកាន់កាប់ជួរភ្នំយុទ្ធសាស្ត្រ ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ័ពព្រៃ។ ហើយបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ការបង្ក្រាបដោយកងទ័ពឥណ្ឌា បានសម្លាប់សមាជិកក្រុមឧទ្ទាមជាង ៤០០នាក់ ចាប់តាំងពីឆ្នាំ២០២៤ មក៕
