នៅថ្ងៃពុធនេះ ក្រុមជនរងគ្រោះជម្លៀសខ្លួននៅក្នុងប្រទេសហៃទី ទទួលបានការត្រួតពិនិត្យសុខភាពនៅទីក្រុងភាគកណ្តាល Mirebalais ក្រោយអំពើហិង្សាជនអន្ធពាល បង្ខំឲ្យពួកគេចាកចេញពីផ្ទះសម្បែង ។
ក្រុមគ្រូពេទ្យមកពីគ្លីនិកចល័តប្រតិបត្តិការដោយមូលនិធិកុមារអន្តរជាតិ UNICEF ធ្វើដំណើរមកដល់សង្កាត់ Bocan Carre ស្ថិតក្នុងទីក្រុង Mirebalais ជាទីដែលការវាយប្រហារដោយក្រុមប្រដាប់អាវុធ ជំរុញមានការជម្លៀសមនុស្សទ្រង់ទ្រាយធំទៅកាន់តំបន់ជិតខាង ។
គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ មន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Mirebalais ដែលមានចម្ងាយប្រហែល ៥៥គ.មភាគឦសានទីក្រុង Port-au-Princeបានបិទទ្វារ ដោយសារអសន្តិសុខកើនឡើង ក្រោយការវាយប្រហាររបស់ក្រុមជនអន្ធពាល ។

ក្រុមជនអន្ធពាល ដណ្តើមបានការគ្រប់គ្រងតំបន់មួយផ្នែកធំក្នុងទីក្រុង Mirebalais នៅដើមឆ្នាំនេះ ស្របពេលកងកម្លាំងសន្តិសុខពិបាកទប់ទល់ ហើយនិងការគាំទ្រអន្តរជាតិមានដែនកំណត់ ជាហេតុបង្កឲ្យកើតមានអំពើហិង្សា និងបង្ខំមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា រលកនៃអំពើហិង្សាប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ធ្វើឲ្យកុមារប្រឈមហានិភ័យខ្ពស់ ។
ចាប់តាំងពីពាក់កណ្តាលខែមេសារហូតមក មនុស្សជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន រួមទាំងកុមារ ១៥.០០០ផងដែរ ៕
