ប្រភពស្និទ្ធនឹងការស៊ើបអង្កេត បានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អតីតអ្នកនយោបាយអ៊ុយក្រែន លោក Andriy Portnov នាព្រឹកថ្ងៃពុធ (ទី២១ ខែឧសភា) នេះ នៅខាងក្រៅខ្លោងទ្វារនៃសាលា American School ក្នុងសង្កាត់សម្បូរអ្នកមានទ្រព្យធននៃតំបន់ Pozuelo របស់ទីក្រុង Madrid។

ដោយមិនកំណត់អត្តសញ្ញាណជនរងគ្រោះ នគរបាលទីក្រុង Madrid បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា នគរបាលបានទទួលការហៅទូរសព្ទប្រាប់ព័ត៌មានអំពីការបាញ់ប្រហារនេះ នៅវេលាម៉ោង ៩:១៥ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:១៥ ម៉ោងសកល)។
ស្ថានីយ៍វិទ្យុ Cadena SER បានផ្សាយថា បុរសនោះកំពុងនាំកូនរបស់លោកទៅសាលារៀន នៅពេលរូបលោកត្រូវបានបាញ់ប្រហារ។ លោក Portnov គឺជាជំនួយការជាន់ខ្ពស់របស់អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich ដែលត្រូវបានទម្លាក់ពីតំណែងក្នុងឆ្នាំ២០១៤៕

