ទូកក្ដោង៖ កីឡាករកម្ពុជា ផល សិលា បានរក្សាភាពខ្លាំងរបស់ខ្លួនដោយគ្រងចំណាត់ថ្នាក់លេខ១ រយៈពេល ៣ថ្ងៃជាប់គ្នាលើវិញ្ញាសា RS:One ក្នុងការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ប្រចាំតំបន់នេះបានបញ្ចប់ការប្រកួត ៣ថ្ងៃមកហើយគិតត្រឹមល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ។

វិញ្ញាសា RS:One មានបេក្ខភាពប្រកួតប្រជែង ៥រូបក្នុងនោះមានកីឡាករកម្ពុជា ៣រូប និងសិង្ហបុរី ២រូប ខណៈប្រកួត ២ថ្ងៃដំបូងគេឃើញកីឡាករកម្ពុជាបានឈរលេខ១ លេខ២ និងលេខ៣ តែលទ្ធផលថ្ងៃទី៣ ម្សិលមិញមានការប្រែប្រួលបន្ដិចដោយកីឡាករ ផល សិលា បន្ដឈរលេខ១ ខណៈមិត្តរួមជាតិ សែម ប្រុសពៅ បន្ដឈរលេខ៣ តែកីឡាករ ហេន សុភី បានធ្លាក់ទៅឈរលេខ៤ ស្របពេលកីឡាករសិង្ហបុរី Lemmy Tei Kay Chee ឡើងមកឈរលេខ២ វិញ។ ចំពោះលទ្ធផលការប្រកួតថ្ងៃទី៣ ចំនួន ៤វិញ្ញាសាទៀតរួមមាន៖ ១-វិញ្ញាសា ILCA 7 កីឡាករកម្ពុជា ញូវ ចាន់ រក្សាចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្នជាលើកទី១ ខណៈកីឡាករម៉ាឡេស៊ីបន្ដឈរលេខ១ គ្រាដែលកីឡាករ ឡុច ដារ៉ុង បន្ដឈរលេខ៣។ ២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជា ២រូបបន្ដឈរលេខ ៤ និងលេខ ៥ ក្នុងចំណោមកីឡាករ ៥រូប ខណៈកីឡាករសិង្ហបុរីបន្ដឈរលេខ១ លេខ២ និងលេខ៣។ ៣-វិញ្ញាសា Techno 293 កីឡាករកម្ពុជា កែវ ភារុណ បន្ដឈរលេខ២ បណ្ដោះអាសន្នតាមពីក្រោយកីឡាករសិង្ហបុរី David NG Tiong Gee។ វិញ្ញាសានេះកម្ពុជាបញ្ជូនកីឡាករ ៥រូបចូលរួមក្នុងចំណោមកីឡាករសរុប ៨នាក់។
៤-វិញ្ញាសា ILCA 4 កីឡាករសិង្ហបុរីឈរលេខ១ និងលេខ៣ ខណៈកីឡាករម៉ាឡេស៊ីឡើងមកឈរលេខ២ បណ្ដោះអាសន្ន។ ប៉ុន្ដែវិញ្ញាសានេះកម្ពុជាពុំបានបញ្ជូនកីឡាករចូលរួមប្រកួតនោះទេ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអត្តពលិក ២៧នាក់មកពី ៣ប្រទេសចូលរួម ដែលប្រកួតលើ ៥វិញ្ញាសា ហើយវិញ្ញាសានីមួយៗកីឡាករម្នាក់ៗត្រូវធ្វើការប្រកួតយ៉ាងហោច ១៦ជុំដើម្បីកំណត់កីឡាករជ័យលាភី ខណៈរយៈពេល ២ថ្ងៃកន្លងមកទើបប្រកួតបាន ៧ជុំប៉ុណ្ណោះ។ តាមគម្រោងការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះនឹងបញ្ចប់នាថ្ងៃទី១៧ ខែធ្នូស្អែកនេះ៕
អត្ថបទ៖ លី ឈុនឡា