ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា សភារបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានអនុម័តភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ឆ្នាំ រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់។ កិច្ចព្រមព្រៀងនេះតំណាងឲ្យការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជិតស្និទ្ធផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើឯកសារភាពជាដៃគូយុទ្ធសាស្ត្រ កាលពីថ្ងៃទី១៧ ខែមករា។ ស្ថាប័នអង្គនីតិប្បញ្ញត្តិរុស្ស៊ី បានអនុម័តកិច្ចព្រមព្រៀងនេះក្នុងខែមេសា។
ទោះបីកិច្ចព្រមព្រៀងនេះមិនរួមបញ្ចូលឃ្លាប្រយោគការពារទៅវិញទៅមក ក៏វាកំណត់ថា ប្រទេសទាំង២ នឹងធ្វើការរួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធាទូទៅ អភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងចូលរួមក្នុងសមយុទ្ធរួមគ្នា។,
ចាប់តាំងពីដើមដំបូងនៃសង្រ្គាម នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ អ៊ីរ៉ង់ និងរុស្ស៊ីបានធ្វើឲ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ ដោយបណ្តាប្រទេសលោកខាងលិចចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់មីស៊ីល និងយានដ្រូន ដើម្បីជួយដល់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ ទីក្រុងតេអេរ៉ង់បដិសេធការចោទប្រកាន់នេះ៕