នៅថ្ងៃសុក្រនេះ ក្រុមបាតុករអ៊ីស្រាអែល បានជួបជុំគ្នានៅជិតច្រកព្រំដែន Kerem Shalom ដើម្បីព្យាយាមរារាំងរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ស្របពេលដែលក្រុមអ្នកជំនាញអន្តរជាតិព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនោះ ។
ក្រុមបាតុករប្រឆាំងជំនួយ នាំគ្នាកាន់បដា និងគ្រវីទង់ជាតិ និយាយថា ពួកគេនៅទីនេះ ដើម្បីរារាំងជំនួយដែលនឹងធ្លាក់ក្នុងកណ្តាប់ដៃផ្ទាល់របស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ។
ក្រុមបាតុករត្រូវបាននាំចេញដោយក្រុមនគរបាលពីទីនោះ ដែលគេមើលឃើញក្រុមគាំទ្រជំនួយជួយបើកផ្លូវឲ្យរថយន្តធ្វើដំណើរចូលទៅក្នុងដែនដីបិទច្រកមួយនេះ ។
លោក Dotan គឺជាបាតុករគាំទ្រជំនួយមួយរូបនិយាយថា ស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា ពិតជាអាក្រក់ខ្លាំងណាស់ ហើយចំណាប់ថ្នូររបស់ពួកយើងគ្មានចំណីអាហារនោះទេ ។ ពួកយើងចង់ប្រាកដថា អ្វីៗនឹងល្អប្រសើរឡើងបន្តិចម្តងៗនៅតំបន់ហ្កាហ្សា ហើយពួកយើងនឹងបញ្ចប់សង្រ្គាមមួយនេះ ។
យុទ្ធនាការយោធាកើនឡើងរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានធ្វើឲ្យជាប់គាំទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជាច្រើននៅលើពិភពលោក ។ បណ្តាប្រទេសនៅអឺរ៉ុប រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស និយាយថា ស្ថានភាពនៅហ្កាហ្សា មិនអាចទ្រាំបានទៀតទេ ហើយសូម្បីតែមានការគាំទ្រពីសម្ព័ន្ធជិតស្និតរបស់ពួកគេ គឺសហរដ្ឋអាមេរិកយ៉ាងណាក្តី ស្ថានភាពបច្ចុប្បន្នកាន់តែលំបាកខ្លាំងណាស់ ។
អ៊ីស្រាអែលច្រានចោលថា តំបន់ហ្កាហ្សាពុំប្រឈមជាមួយវិបត្តិអត់ឃ្លាននោះទេ ។ ពួកគេនិយាយថា ការបិទច្រកមានគោលបំណងការពារក្រុមជីវពលហាម៉ាសពីការបង្វែរ និងរឹបអូសគ្រឿងផ្គត់ផ្គង់ ។ ក្រុមហាម៉ាសច្រានចោលថា ពួកគេពុំបានធ្វើបែបហ្នឹងឡើយ ហើយនិងចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ភាពអត់ឃ្លានជាតាក់ទិកយោធា ៕